Archive

Archive for the ‘Khmer’ Category

«សមុច្ច័យ»

សមុច្ច័យ ជាពាក្យដែលស្ថិតនៅក្នុងក្រុមពាក្យខ្មែរ ត្រូវការបកប្រែជាខ្មែរបន្ថែមទើបយល់ ហាហា ពេលអានជួបពាក្យហ្នឹ៎ងម្តងៗ ខួរក្បាលត្រូវផ្អាកធ្វើការងារអីផ្សេងពីរបីវិនាទី ដើម្បីគិតថាពាក្យហ្នឹ៎ងមានន័យថាយ៉ាងម៉េច ។ ពាក្យសមុច្ច័យនេះ ត្រូវនឹងពាក្យអង់គ្លេសថា collection ឬពាក្យខ្មែរសុទ្ធសាធប្រែថាការប្រមូលផ្តុំ ។

មនុស្សគ្រប់រូបតែងតែមានចំណូលចិត្តនៅក្នុងការប្រមូលផ្តុំ ឬសមុច្ច័យអ្វីមួយ ឧទាហរណ៍ដូចជាចូលចិត្តប្រមូលទុកសៀវភៅ គ្រឿងអេឡិចត្រូនិច គ្រឿងឈើ ឡានថ្លៃៗ វត្ថុបុរាណ វត្ថុសិល្បៈ សំលៀកបំពាក់ និងស្បែកជើង ជាពិសេសគឺស្រីៗ ជួនកាលទូមួយដាក់ស្បែកជើងគាត់អត់អស់ផង ជើងមានតែពីរ តែស្បែកជើង ម្រើមព្រះខ្ចីពាក់ហេងស៊យនៅសល់ខ្លះទៀត ហាហា និយាយពន្លើសបន្តិចចុះ ។ ទាំងនេះគ្រាន់តែជាឧទាហរណ៍នៃប្រភេទសមុច្ច័យតែប៉ុណ្ណោះ ។

សម្រាប់ខ្ញុំ ខ្ញុំមានសមុច្ច័យមួយក្នុងចំណោមសមុច្ច័យពីរបីរបស់ខ្ញុំដែរ គឺសមុច្ច័យកាក់ ខ្ញុំចូលចិត្តប្រមូលកាក់ទាំងចាស់ទាំងថ្មីយកមកទុក ទុកឡើងបានមួយខ្មុក ទំនេរៗគ្មានធ្វើអីទេ អង្គុយយកកាក់ហ្នឹ៎ងមកបោសអង្អែលមើលម្តងមួយ គ្រាន់តែពេលវេលាចំណាយលើការអង្អែលកាក់ហ្នឹ៎ង ចង់ច្រើនជាងពេលវេលាគេបាញ់អាប៉ូឡូ ពីផែនដីទៅឋានព្រះច័ន្ទទៅទៀត ។ ខ្ញុំមានទាំងកាក់បរទេស កាក់រ៉ូម៉ាំងបូរាណ កាក់បារាំង កាក់អេស្ប៉ាញ សម្រាប់កាក់ខ្មែរ ខ្ញុំមានកាក់តាំងពីសម័យឧដុង្គរហូតដល់សម័យបារាំង សម័យសង្គមរាស្ត្រនិយម សម័យសាធារណរដ្ឋខ្មែរ សម័យរាជាណាចក្រលើកទី ២ អីហ្នឹ៎ង មានគ្រប់សម័យ តែអត់មានគ្រប់កាក់នោះទេ គ្រាន់តែប្រមូលកាក់អស់ហ្នឹ៎ង ហេងស៊យអាចទិញម៉ូតូបានមួយចំហៀង ។

ចំណូលចិត្តប្រមូលផ្តុំកាក់ហ្នឹ៎ងជារឿងមួយ ប៉ុន្តែអារឿងចាយកាក់វិញ ជារឿងដែលខ្ញុំស្អប់បំផុត ពេលនៅថៃ ក៏ដូចជាមកនៅអឺរ៉ុប ខ្ញុំស្អប់បំផុតគឺមានកាក់ក្នុងហោប៉ៅ បើមិនធ្ងន់ទេ ក៏ងាយនឹងជ្រុះបាត់ដែរ ហើយពេលចាយនូវប្រមូលរាប់មួយសន្ទុះបានគ្រប់ ថ្ងៃមូនគ្រាន់តែប្រមូលកាក់នៅក្នុងហោប៉ៅយកទិញសំបុត្រឡានក្រុងជាមួយម៉ាស៊ីន ទិញសំបុត្រឡើងបាន ១០ សំបុត្រ ព្រោះថាខ្ញុំកម្រដកកាក់ចាយ ខ្ញុំទម្លាប់ហុចឲ្យអ្នកលក់តែជាក្រដាសរូបិយបណ្ណ ជួនកាលគេអាប់ជាកាក់មកវិញ ខ្ញុំខ្ជិលរាប់ទៅទៀត គ្រប់មិនគ្រប់តាមកម្ម ហាហា មិនមែនដោយសារតែវាតិចហើយមិនខ្វល់ទេ តែដោយសារតែវាច្រើនពេក មានតូចមានធំ ជាពិសសកាក់អឺរ៉ូ មានតាំងពី អា ១ សេន ២ សេន ៥ សេន ១ កាក់ ២ កាក់ ៥ កាក់ ១ អឺរ៉ូ និង ២ អឺរ៉ូ ច្រើនបែបពេក ។

មូលហេតុមួយដែលខ្ញុំមិនធ្លាប់ចាយកាក់នេះ ក៏ប្រហែលតែមកពីនៅស្រុកខ្មែរយើងមិនមានការដាក់ឲ្យប្រើប្រាស់កាក់នេះដែរ តាំងពីខ្ញុំកើត ធ្លាប់មានដាក់ឲ្យប្រើម្តងនៅរវាងឆ្នាំ ១៩៩៤-៩៥ អីហ្នឹ៎ង ហើយក្រោយមកក៏មិនមានទៀតទេ ។ អ្នកខ្លះក៏គេថាការប្រើកាស វាងាយស្រួលសម្រាប់ការប្រើទិញរបស់បន្តិចបន្តួចជាមួយម៉ាស៊ីនស្វ័យប្រវត្តិ តែវាមិនស្រួលសម្រាប់អារម្មណ៍អ្នកចាយវាយប៉ុន្មានទេ បើមិនធ្លាប់ប្រើវាពីមុនទេនោះ ។

វាដូចតែគ្នា អ្នកធ្លាប់ចាយប្រាក់កាស ត្រឡប់មកចាយប្រាក់ក្រដាសវិញក៏ពិបាកដូចតែគ្នាហ្នឹ៎ង ដូចសម្តេចជួន ណាត ធ្លាប់មានសង្ឃដីកា នៅក្នុងបទសម្ភាសន៍អក្សរសាស្ត្រខ្មែរថា ចុងសម័យបារាំងដែលបារាំងប្តូរពីចាយកាក់ មកចាយក្រដាសវិញថា ចិនកាប់សាច់ជ្រូកតែងតែត្អូញថា «អញមិនចេះចាយអាសឹកម.ឡឹក(សន្លឹក) ហ្នឹ៎ងទេ» ព្រោះអីគាត់កាប់សាច់ជ្រូក ដៃគាត់ប្រឡាក់ប្រឡូក ដល់មកកាន់ក្រដាស វាកាន់តែកខ្វក់ថែមទៀត ហើយវាមានងាយលាងអីដូចកាក់ ។ ឃើញទេដូចតែគ្នា! ចូលចិត្តធ្វើសមុច្ច័យកាក់ តែមិនចូលចិត្តចាយកាក់ តែស្រីៗ កុំចូលចិត្តធ្វើសមុច្ច័យសំលៀកបំពាក់ ហើយអត់ចូលចិត្តស្លៀកពាក់ណា! តិចកើតរឿងធំ ហាហា!

g158

Categories: Cambodia, Europe, Khmer

គណៈរាជទូតរបស់ស្តេចសៀមរាមាទី ៤ ចូលគាល់ព្រះចៅណាប៉ូឡេអុង ទី ៣

The reception of Siamese ambassadors by emperor Napoleon III

គណៈរាជទូតរបស់ស្តេចសៀមរាមាទី ៤ ចូលគាល់ព្រះចៅណាប៉ូឡេអុង ទី ៣ (ទាក់ទងទៅនឹងមូលហេតុអ្វីបានជានៅប្រទេសថៃគេនៅមានការឱនក្រាបគោរពមហាក្សត្រ ដែលរូបភាពនេះ កាន់តែមិនសូវមាននៅស្រុកខ្មែរ)

the-reception-of-siamese-ambassadors-by-emperor-napoleon-iii-1808-73-at-the-palace-of

រាជទូតថៃរបស់ស្តេចរាមាទី ៤ បានចូលទៅគាល់ ព្រះចៅណាប៉ូឡេអុង ទី ៣ របស់ប្រទេសបារាំង នៅឆ្នាំ ១៨៦២ ដើម្បីជំរុញទំនាក់ទំនងលើជំនួញ និងការគោរពបូរណភាពទឹកដីរបស់ថៃ ព្រោះថាពេលនេះ ចក្រភពអង់គ្លេសកំពុងលុកលុយលើទឹកដីភូមា និងផ្នែកខ្លះនៃប្រទេសម៉ាឡេស៊ី ដែលឧបទ្វីបម៉ាឡេស៊ី ធ្លាប់ជាទឹកដីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃតាំងតែពីសម័យរាមាទី ១ ។ រូបគំនូរនេះត្រូវប្រើពេល ៣ ឆ្នាំដើម្បីគូររួចរាល់ ។

 

នៅពេលដែលគណៈរាជទូតរបស់ថៃចូលទៅគាល់ ដោយមានការក្រាបថ្វាយបង្គំនោះ បានធ្វើឲ្យគណៈមន្ត្រីរបស់បារាំងមានការភ្ញាក់ផ្អើល និងស្ងើចសរសើរគណៈទូតថៃថាចេះគោរពព្រះមហាក្សត្រ គឺមិនខុសគ្នាពីពេលដែលជីវតាក្វាន់ចូលគាល់ព្រះមហាក្សត្រខ្មែរនៅសម័យអង្គរ បានឃើញមន្ត្រី និងប្រជារាស្ត្រខ្មែរឱនក្រាបព្រះមហាក្សត្រយ៉ាងនោះដែរ ជីវតាក្វាន់បានកត់ត្រាថា ប្រជាជនខ្មែរមិនសូវស៊ីវីល័យ តែគេចេះគោរពព្រះមហាក្សត្ររបស់ពួកគេណាស់ ។

 

នៅក្នុងការគ្រប់គ្រងរបស់អាណានិគមបារាំង បារាំងបានធ្វើទំនើបនីយកម្មលើវប្បធម៌ និសង្គមខ្មែរ ជាហេតុធ្វើឲ្យខ្មែរផ្លាស់ប្តូរវិធីគោរព និងប្រណិបត្តិព្រះមហាក្សត្រ ទៅតាមរូបបែបបារាំង ដោយមិនឱនក្រាបដូចពីបុរាណនោះទេ ចំណែកខាងថៃ ថៃព្យាយាមធ្វើទំនើបនីយកម្មដោយខ្លួនឯង ហើយអ្នកដែលព្យាយាមធ្វើទំនើបកម្មនោះ គឺជាខ្សែស្រឡាយរាជវង្សថៃ ដែលជាហេតុធ្វើឲ្យរូបភាពនៃការគោរពប្រណិបត្តិព្រះមហាក្សត្រថៃ នៅរក្សាទម្រង់ដើមបានច្រើនជាងខ្មែរ ។

Categories: France, Khmer, Thailand

ចេតិយព្រះធំ ឬព្រះបឋមចេតិយ ឬព្រះផ្ទំចេតិយ ចេតិយខ្ពស់ជាងគេលើពិភពលោក

ចេតិយព្រះធំ ឬព្រះបឋមចេតិយ ឬព្រះផ្ទំចេតិយ ចេតិយខ្ពស់ជាងគេលើពិភពលោក

Phra Pathommachedi

66533988

ព្រះបឋមចេតិយគឺជាចេតិយដែលមានកម្ពស់ខ្ពស់ជាងគេនៅលើពិភពលោក គឺមានកម្ពស់រហូតដល់ទៅជាង ១២០ ម៉ែត្រ មានទីតាំងស្ថិតនៅខេត្តនគរបឋម (ណៈខនបាធុម) ប្រទេសថៃ ខេត្តនេះតាំងនៅភាគខាងលិចក្រុងបាងកក ចម្ងាយ ៥៧គីឡូម៉ែត្រ ។

 

តាមការសិក្សាគេបានបង្ហាញថាឈ្មោះដើមរបស់ចេតិយនេះ គឺចេតិយព្រះធំ ជាភាសាខ្មែរ តែអ្នកខ្លះថាមកពីពាក្យថា ព្រះផ្ទំ ។ ចេតិយនេះមិនមែនជាចេតិយដំបូងគេនៅប្រទេសថៃនោះទេ ហេតុនេះហើយទើបឈ្មោះថាបឋមចេតិយនេះមិនសាកសមនោះទេ ។ ចេតិយនេះត្រូវបានសាងដំបូងឡើងដោយមនទ្វារវតី ក្រោយពីខ្មែរមានអំណាចនៅលើតំបន់នោះ ក៏មានការសាងសង់ប្រាសាទខ្មែរ នៅពីលើតួចេតិយនោះ ហើយក្រោយមកនៅសម័យថៃឡើងមានអំណាចក៏មានការជួសជុលចេតិយនោះជាបន្តបន្ទាប់ ។ រហូតមកដល់សម័យស្តេចថៃរាមាទី ៤ ទើបមានការជួសជុលចេតិយនោះឡើងវិញ ដោយការជួសជុលនោះ គឺធ្វើឡើងដោយការសាងតួចេតិយថ្មីគ្របពីលើចេតិយចាស់ ទើបធ្វើឲ្យចេតិយបុរាណរាប់ពាន់ឆ្នាំ បានក្លាយទៅជាចេតិយមួយថ្មីស្រឡាង ។

Categories: Khmer, Thailand

ចេតិយពញាយ៉ាតវត្តភ្នំ និងចេតិយពញាយ៉ាតវត្តស៊ីធរ

Chedey Thom Wat Phnom and Chedey Thom Wat Sithor

ចេតិយពញាយ៉ាតវត្តភ្នំ និងចេតិយពញាយ៉ាតវត្តស៊ីធរ

បើតាមសៀវភៅ Wat Phnom Guide to Art & Architecture របស់លោក Chan Vitharong លោកបានលើកឡើងថា តាមរយៈការសិក្សាបានបង្ហាញថាចេតិយព្រះបាទពញាយ៉ាតនៅវត្តភ្នំ ប្រហែលជាអាចត្រូវបានសាងឡើងនៅសតវត្សទី ១៦ ឬទី ១៧ តែបើតាមសិលាចារឹក ក៏ដូចជាឯកសារពង្សាវតារខ្មែរ បានបង្ហាញថាចេតិយនេះត្រូវបានសាងឡើងដោយព្រះបាទនរាយណ៍រាជា សម្រាប់តម្កល់ព្រះបរមសារីរិកធាតុ ដែលប្រសិនបើចេតិយនោះសាងនៅសម័យស្តេចនរាយណ៍រាជា ដែលត្រូវជាបុត្ររបស់ព្រះបាទពញាយ៉ាត នោះបានន័យថាចេតិយនេះគួរត្រូវបានសាងឡើងនៅពាក់កណ្តាលសតវត្សទី ១៥ មិនមែនសតវត្សទី ១៦ ឬ ១៧ នោះទេ ។

 

បើតាមការសង្កេត យើងឃើញថាចេតិយនៅសតវត្សទី ១៦ និង ១៧ ដែលជាចេតិយខ្សែរាជវង្ស ដែលសាងនៅលើភ្នំព្រះរាជទ្រព្យ នៅក្បែរក្រុងឧដុង្គ ដូចជាចេតិយព្រះច័ន្ទរាជា ដែលសាងឡើងនៅសម័យលង្វែក ចេតិយព្រះស្រីសុរិយោពណ៌ ដែលដាងដោយស្តេចជ័យជេដ្ឋាទី ២ រហូតដល់ចេតិយនៅសតវត្សទី ១៩ គឺចេតិយព្រះអង្គដួង ដែលសាងដោយស្តេចនរោត្តម នៅលើភ្នំព្រះរាជទ្រព្យដែរ គឺមានសណ្ឋានជាចេតិយដែលមានតួអង្គចេតិយជារាងបួនជ្រុងទ្រវែង មិនមែនជារាងមូលដូចចេតិយវត្តភ្នំនោះទេ (សូម្បីតែចេតិយព្រះនរាយណ៍រាជា ដែលសាងដោយព្រះស្រីរាជាជាព្រះអនុជនៅលើវត្តភ្នំ គឺបានន័យថាសាងក្រោយចេតិយពញាយ៉ាតបន្តិច ក៏តួអង្គចេតិយមានរាងបួនជ្រុងដែរ មិនមែនមានរាងមូលនោះទេ) ។ ហេតុនេះហើយចេតិយវត្តភ្នំ គួរតែត្រូវបានសាងនៅក្នុងសម័យដាច់ដោយឡែកណាមួយ គឺមិនមែននៅក្នុងសតវត្សទី ១៦ ដល់ ១៩ នោះទេ ។ នៅដើមសតវត្សទី ១៨ យើងឃើញចេតិយជ័យនន្ទ នៅខាងកើតប្រាង្គប្រាសាទអង្គវត្ត ដែលមានរាងមូលដែរ តែមានទំហំតូច ហើយលក្ខណៈប្លែកគឺថា ចេតិយនោះសាងនៅលើបល្ល័ង្កមានរាងជា ៨ ជ្រុង ហើយតួអង្គចេតិយដែលមានរាងមូលនោះ ក៏មានទំហំខ្លី ប្រសិនបើធៀបសមាមាត្រជាមួយនឹងតួអង្គរបស់ចេតិយពញាយ៉ាតវត្តភ្នំ យើងមិនអាចសន្និដ្ឋានថាចេតិយនេះសាងនៅក្នុងសម័យតែមួយនោះទេ ។

photo-dec-10-1-09-46-pm

បើតាមសៀវភៅ Wat Phnom Guide to Art & Architecture ដដែល បានបង្ហាញថាចេតិយវត្តភ្នំនេះ គឺមានលក្ខណៈដូចគ្នាទៅនឹងចេតិយនៅទួលបាសាន ស្រុកស៊ីធរ ខេត្តកណ្តាល ដែលទីនោះគឺជាអតីតរាជធានីរបស់ព្រះបាទពញាយ៉ាត មុននឹងប្តូរមកនៅក្រុងចតុមុខ ឬក្រុងភ្នំពេញ ។ លក្ខណៈរបស់ចេតិយទាំងពីរនេះពិតជាមានសណ្ឋានស្រដៀងគ្នាមែន ជាងនេះទៅទៀតទីតាំងរបស់ចេតិយស្ថិតនៅពីខាងលិចចំអ័ក្សកណ្តាលរបស់ព្រះវិហាររបស់ចេតិយទាំងពីរ កាន់តែបង្ហាញលក្ខណៈដូចគ្នារបស់ចេតិយទាំងពីរនេះ ក្រៅពីនេះគន្លាក់ទ្រកំពូលធ្វើពីឈើ គឺត្រូវបានប្រើដូចគ្នានៅលើចេតិយទាំងពីរ ។ ចំណុចខុសគ្នារបស់ចេតិយទាំងពីរនេះ គឺចេតិយវត្តភ្នំមានទំហំធំជាង សាងនៅលើបល្ល័ង្កបីជាន់ ខណៈចេតិយវត្តស៊ីធរត្រូវបានសាងនៅលើបល្លង្កតែមួយជាន់ ទោះយ៉ាងណាក៏បល្លង្ករបស់ចេតិយទាំងពីរមានសណ្ឋានស្រដៀងគ្នា ចំណុចខុសគ្នាមួយទៀតគឺនៅលើចេតិយធំវត្តភ្នំមានក្បាច់ត្របកឈូកនៅលើតួអង្គ ប៉ុន្តែចេតិយនៅវត្តស៊ីធរនោះគឺពុំមានទេ ។ ចាស់ទុំនៅវត្តស៊ីធរនោះ ហៅចេតិយនោះថាចេតិយពញាយ៉ាតដែរ ។ ចេតិយនៅវត្តស៊ីធរនោះ សាងឡើងដោយមានខឿន បល្ល័ង្ក និងផ្នែកខ្លះនៃតួអង្គចេតិយធ្វើពីថ្មបាយក្រៀម ដោយមានលាយឥដ្ឋនៅផ្នែកខាងលើនៃតូអង្គ និងកំពូលចេតិយ ដែលនេះជាចំណុចគួរឲ្យសិក្សាផងដែរ ខណៈសំណង់បុរាណ ឬក៏ចេតិយបុរាណនៅក្នុងបរិវេណវត្តស៊ីធរ គឺសាងដោយឥដ្ឋសុទ្ធ ដែលប្រហែលជាត្រូវបានសាងឡើងនៅសម័យក្រោយ ក្នុងនោះក៏មានចេតិយមួយនៅពីខាងមុខវិហារ ដែលសាងដោយមានបន្លង្កប្រាំបីជ្រុង ។

 

បើយោងទៅលើភាពខុសគ្នារបស់ចេតិយពញាយ៉ាតនៅវត្តភ្នំ ប្រៀបធៀបជាមួយចេតិយនៅសម័យសតវត្សទី ១៦ ដល់ ១៩ ហើយនឹងចំណុចដូចគ្នាទៅនឹងចេតិយធំនៅវត្តស៊ីធរ យើងអាចសន្និដ្ឋានថា ចេតិយពញយ៉ាតនៅវត្តភ្នំ គួរតែសាងនៅសម័យដោយឡែកណាមួយ ដែលគួរតែសាងនៅសម័យព្រះបាទពញាយ៉ាត និងព្រះបាទនរាយណ៍រាជានោះឯង ។ លក្ខណៈនៃចេតិយវត្តភ្នំនេះប្រហែលជាបានជះឥទ្ធិពលទៅលើការសាងចេតិយនៅដើមសម័យអាណានិគមបារាំងផងដែរ ព្រោះយើងសង្កេតឃើញថា នៅចុងសម័យឧដុង្គការសាងចេតិយភាគច្រើនគឺធ្វើជារាងបួនជ្រុងទ្រវែង តែមកដល់ចេតិយស្តេចអង្គដួង ស្តេចនរោត្តម និងស្តេចស៊ីសុវត្ថិជាដើម គឺមានរាងមូលទ្រវែង (រាងកណ្តឹង ឬជួង) ដែលមានលក្ខណៈដូចគ្នាទៅនឹងចេតិយវត្តភ្នំ ។ ទម្រង់ចេតិយរាងមូលនេះ ត្រូវបានគេនិយមសាងរហូតមកដល់សព្វថ្ងៃ តែក៏មានចេតិយទម្រង់កំពូលប្រាសាទដែលជាចេតិយសម័យក្រោយត្រូវាបានគេនិយមសាងសង់ផងដែរ ដែលចេតិយកំពូលប្រាសាទនេះ គឺប្រហែលជាសាងយកគំរូព្រះសក្យមុនីចេតិយនៅមុខរាជាយស្ម័យយានកម្ពុជាដែលសាងឡើងនៅឆ្នាំ ១៩៥៥ សម្រាប់ពីធីបុណ្យពាក់កណ្តាលសាសនា ។

For more information: https://sroksrear.wordpress.com/2014/02/08/wat_sithor/

បដិមាករខ្មែរសម័យទសវត្សឆ្នាំ ៩០ បានចម្លង​ទម្រង់ព្រះពុទ្ធរូបបែបភូមា

A Modern Cambodian sculptors copied Burmese Buddha’s style
បដិមាករខ្មែរសម័យទសវត្សឆ្នាំ ៩០ បានចម្លងទម្រង់ព្រះពុទ្ធរូបបែបភូមា

រូបខាងក្រោមព្រះពុទ្ធរូបពណ៌ដូចថ្មកែវ ដែលអាចជាព្រះធ្វើពីស៊ីម៉ង់ នោះ គឺមានលក្ខណៈប្លែក ប្លែកត្រង់ចំណុចណា? គឺប្លែកត្រង់នៅលើព្រះនលាដ (ថ្ងាស) មានវត្ថុម្យ៉ាង ដែលមានលក្ខណៈដូចជាបូពាក់ជ្រោងសក់របស់មនុស្សស្រី ដែលទម្រង់នៃសិល្បៈបែបនេះ គឺមិនមែនជាសិល្បៈខ្មែរនោះទេ តែជាទម្រង់នៃសិល្បៈបែបភូមា (ដែលអាចជាពុទ្ធបដិមាសម័យភូមា មានកំណើតនៅសម័យ ខងបង Konbaung នៅចុងសតវត្សទី ១៨ ដល់ចុងសតវត្សទី ១៩) ។ ចំណុចដែលកាន់តែដូចគ្នាទៀតនោះគឺបូនោះគឺត្រូវបានទឹបដោយទឹកមាសដូចគ្នានឹងសិល្បៈភូមា នៅនឹងរូបខាងស្តាំដៃ ខុសគ្នាត្រង់ពណ៌របស់ព្រះពុទ្ធរូប ដែលភូមានិយមសាងព្រះពីថ្មកែវពណ៌ស. ឬក៏ទឹបទឹកមាសទាំងរូបតែម្តង តែទម្រង់ព្រះភ័ក្ត្ររបស់ព្រះពុទ្ធរូបដែលសិល្បៈករខ្មែរបានសាងនោះ គឺមានលក្ខណៈជាទម្រង់ពុទ្ធរូបខ្មែរសម័យថ្មី គឺមិនមែនជាលក្ខណៈសិល្បៈភូមានោះទេ ។

ព្រះពុទ្ធរូបនេះ ខ្ញុំបានថតរូបពីវត្តព្រះពុទ្ធឃោសាចារ្យ ក្រុងភ្នំពេញ ហើយខ្ញុំក៏ធ្លាប់ឃើញព្រះពុទ្ធរូបនេះនៅស្រុកកំណើតឪពុកខ្ញុំផងដែរ ដែលពុទ្ធបដិមានោះ ឪពុកម្តាយរបស់ខ្ញុំបានជាវថ្វាយវត្តតាំងតែពីទសវត្សឆ្នាំ ៩០ ដោយមូលហេតុនេះហើយខ្ញុំគិតថាព្រះពុទ្ធរូបក្នុងទម្រង់តែមួយនេះ ត្រូវបានបដិមាករខ្មែរ នៅកំឡុងទសវត្សឆ្នាំ ៨០ ឬ ៩០ បានចម្លងលក្ខណៈមួយចំនួនរបស់ព្រះពុទ្ធរូបភូមា យកមកឆ្លាក់លាយជាមួយនឹងលក្ខណៈខ្មែរខ្លះ ដើម្បីបង្កើតជាព្រះពុទ្ធបដិមា សម្រាប់យកមកធ្វើអាជីវកម្ម ។

ព្រះពុទ្ធរូបភូមា មើលទៅពិតជាល្អប្រណីតពិតមែន ជាហេតុធ្វើឲ្យបដិមាករខ្មែរយកធ្វើជាគំរូ ហើយយើងក៏ឃើញថានៅតាមបណ្តាវត្តអារាមជាច្រើនកន្លែងនៅទូទាំងពិភពលោក ក៏មានការជាវព្រះពុទ្ធរូបភូមាយកទៅតម្កល់ផងដែរ សូម្បីតែនៅក្នុងព្រះបរមរាជវាំងខ្មែរក្រុងភ្នំពេញ ក៏មានព្រះពុទ្ធរូបភូមាដែរ ។

Categories: Cambodia, Khmer, Myanmar

«អាជ័យធ្លាក់ទឹក ហីអើ ហីអើ»

នៅក្នុងរឿងធនញ្ជ័យរបស់ខ្មែរ ពេលស្តេចបញ្ជាឲ្យយកធនញ្ជ័យទៅសម្លាប់ ពួកពេជ្ឈឃាតនាំខ្លួនធញ្ជ័យទៅសម្លាប់ ដោយដឹកលើទូក ធនញ្ជ័យបានប្រើល្បិចឲ្យពួកពេជ្ឈឃាតច្រៀងថា «អាជ័យធ្លាក់ទឹក ហីអើ ហីអើ» ហើយក៏លួចលោតទឹករត់ទៅ ដោយពួកពេជ្ឈឃាត មិនគិតដេញតាម គិតតែតបថា «ហីអើ ហីអើ» ។

នៅក្នុងរឿងស្រីធនញ្ជ័យរបស់ថៃ ពេលស្តេចបញ្ជាឲ្យយកធនញ្ជ័យទៅសម្លាប់ ធនញ្ជ័យបានសុំទៅផ្ទះសិន ទៅប្រាប់ឲ្យអ្នកបម្រើយកស្រាមកដាក់លើទូកឲ្យពួកពេជ្ឈឃាតផឹក ហើយក្រោយពីនោះពួកពេជ្ឈឃាតក៏បាននាំគ្នាច្រៀង «ចម្រៀងទូក» ដែលមានឧទាហរណ៍ដូចចម្រៀងខាងក្រោម ហើយនៅពេលពួកពេជ្ឈឃាតស្រវឹង ច្រៀងលែងដឹងរឿង ធនញ្ជ័យក៏បង្កើតជាសាច់ចម្រៀងដែលមានន័យថា «សូមឲ្យធនញ្ជ័យបានសំរេច លោតចុះទឹកគេចបានជោគជ័យ» ពេលច្រៀងសាច់ចម្រៀងនោះបានមួយសន្ទុះ ធនញ្ជ័យក៏លោតទៅមែន ពួកពេជ្ឈឃាត ឃើញថាធ្វើដូចសាច់ចម្រៀងមែន ក៏នាំគ្នាទះដៃ ស្រែកជយោ ។

ក្នុងសាច់រឿងធនញ្ជ័យរបស់ ខ្មែរ ថៃ និងឡាវ មានតែសាច់រឿងខ្មែរ និងថៃទេ ដែលមានចំនុចដូចគ្នាច្រើនបំផុត ទាំងនេះអាចបង្ហាញពីចំណុចទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធរបស់ជនជាតិខ្មែរ និងថៃ មុនពេលការចូលមកធ្វើអាណាព្យាបាលរបស់បារាំង ។

 

Categories: Khmer, Thailand

ខ្មែរយើង​យល់ច្រឡំ​រឿង ល្បែងអុកចត្រង្គ និងល្បែង​បាស្កា​

We confuse between Chess and Pachisi,

ខ្មែរយើង​យល់ច្រឡំ​រឿង ល្បែងអុកចត្រង្គ និងល្បែង​បាស្កា​

 

ខ្មែរ​យើងមួយ​ចំនួន​​យល់​ច្រឡំរឿងបាស្កា និង​អុកចត្រង្គនេះ  ទាំង​គណៈកម្មការ​រៀប​ចំ​អុកចត្រង្គ ក៏​យល់​ខុស​ថាល្បែងបាស្កា ឬ បាចីសី (សេះអុក) ជា​មួយ​នឹង​អុកចត្រង្គ នៅក្នុងរឿងមហាភារតៈ ភ្នាល់​គ្នា​ដាក់​នគរ​រវាង​ត្រកូល​បណ្ឌវៈ និង​កុរវៈ គឺ​គេ​លេង​បាស្កា​ទេ (សេះអុក ដោយមានទម្លាក់គ្រាប់ឡុកឡាក់ តាម​រយៈ​សាច់​រឿង​មហាភារតៈគេនិយាយថា សកុនី ស្តេច​នគរ​គន្ធារៈ ត្រូវ​ជា​ពូ​របស់​ពួក​កុរវៈ បាន​យក​ឆ្អឹង​របស់​បិតា​របស់​ខ្លួន មក​ធ្វើ​ជា​គ្រាប់ឡុកឡាក់ ដែល​អាច​បញ្ជា​ចង់ចេញ​លេខណាក៏បាន) ដោយ​ឡែក​សម្រាប់​អុកចត្រង្គ​ទើប​តែ​កើត​ក្រោយ ប្រមាណជានៅសតវត្សទី ៦ នៅឥណ្ឌា នោះទៅវិញទេ ហើយ​រឿងរាមាយណៈ ក៏​ដូច​ជា​រឿង​មហាភារតៈ គឺ​ត្រូវ​បាន​សរសេរ​ឡើង​នៅ​មុនគ្រឹស្តសករាជ​ទៅទៀត ដូច្នេះ​បាន​ន័យ​ថា​មុន​ការកើត​អុកទៅទៀត ។ ចម្លាក់​ឈុត​លេង​បាស្កា​នៅ​ក្នុង​រឿង​មហាភរតៈនេះ នៅ​ស្រុក​ខ្មែរ​ភាគច្រើន​គឺ​ស្ថិត​នៅ​ក្នុង​ចម្លាក់​ផ្តែរ និង​ចម្លាក់ជញ្ជាំង នៅ​សម័យ​បាពួន ចម្លាក់​លេងល្បែង​ដូចគ្នា នៅ​លើ​ទូកបែប​សិល្បៈ​មន​នៅ​អង្គរវត្ត​វិញ មិនប្រាកដ​ថា​ជាល្បែង​ណាមួយ​នោះទេ ។

 

អញ្ចឹង​ទេ ខ្ញុំ​ថា​យើង​គួរ​តែ​សិក្សា​បន្ថែម ដើម្បី​បែង​ចែក​ឲ្យ​ដាច់​រវាង​បាស្កា និងអុក ហើយ​ខ្ញុំ​ក៏មិនប្រាកដដែរ ថាចម្លាក់នៅអង្គរមួយចំនួនជាអុក ឬក៏ជាបាស្កាដែរ ប៉ុន្តែប្រសិនបើចម្លាក់ទាក់ទងនឹងរឿងមហាភារតៈ គឺវាគួរតែជាល្បែងបាស្កា មិនមែនអុកនោះទេ តែក៏មិនប្រាកដថាខ្មែរសម័យអង្គរ គាត់ឆ្លាក់បាស្កា ឬក៏អុកដែរ ជួលកាលមនុស្សសម័យនោះក៏ចេះច្រឡំដូចយើងដែរ តែនៅក្នុងរឿងកាកី គឺស្តេចលេងអុក ជាមួយគ្រុឌ ដោយឡែកក្នុងរឿងវិធូរបណ្ឌិត ទសជាតក បុណ្ណកយក្សា លេងបាស្កា ជាមួយ​ស្តេចវិទេហរាជ ភ្នាល់យកវិធូរបណ្ឌិត យក​ទៅ​ទេសនាធម៌​នៅ​ស្ថាន​ភុជង្គនាគ ។ ខ្ញុំ​ធ្លាប់​សរសេរ​អត្ថបទ​ខ្លី​មួយ​ទាក់ទង​នឹង​ការ​រៀប​ចំទ័ពក្នុងរឿងមហាភារតៈ ជាមួយនឹង ក្បួនអុកចត្រង្គនេះដែរ សូមចូលទៅអាន https://www.facebook.com/permalink.php?story_fbid=952464448130858&id=105492429494735 ហើយខ្ញុំក៏ភ្ជាប់ព័ត៌មានអំពីល្បែងបាស្កា https://en.wikipedia.org/wiki/Pachisi ដែលគេលេងនៅក្នុងរឿងមហាភារតៈដែរ ចំណែកព្រះក្រឹស្ណៈ លេងនឹងមហេសីព្រះអង្គក៏លេងបាស្កាដែរ គេនៅមានប្រពៃណីយ៍លេងល្បែងនេះនៅឥណ្ឌានៅឡើយ ។

 

Link ខាងក្រោម ជាការសិក្សា​លម្អិត​របស់​ខ្មែរ​យើង​ម្នាក់ ដែល​គាត់ក៏​អាច​យល់ច្រឡំ​រឿង​ចម្លាក់​នៅ​អង្គរ​នេះ​ដែរ https://www.facebook.com/vichea.mornor/media_set?set=a.1688973338015273.1073741831.100007078689197&type=3 ។

ប្រវត្តិសាស្ត្រខ្មែរ ជាលក្ខណៈរឿងព្រេង

Khmer History base on Tale

ប្រវត្តិសាស្ត្រខ្មែរ ជាលក្ខណៈរឿងព្រេង

DSC_2222

ដោយសារគិតថា​ប្រវត្តិសាស្ត្រ​ខ្មែរ​ពីពេល​ដែល​ព្រះថោង​ មកសាង​នគរ​នៅនគរគោកធ្លក រហូត​ដល់​សម័យ​ព្រះនិព្វានបទ មានលក្ខណៈ​អស្ចារ្យអច្ឆរិយៈពេក មិនសមនឹង​រឿងពិត បាន​ធ្វើ​ឲ្យ​អ្នកសិក្សាប្រវត្តិសាស្ត្រខ្មែរ ទាំងបរទេស និងខ្មែរ ព្យាយាម​សិក្សា​ប្រវត្តិសាស្ត្រខ្មែរ និងចងក្រងប្រវត្តិសាស្ត្រ​ខ្មែរ ដោយផ្អែក​ទៅលើ​សិលាចារឹក និង​ឯកសារទំនាក់ទំនងការទូត​ជាមួយ​ប្រទេសជិតខាង ដូចជាចិនជាដើម ។ មានអ្នកសិក្សា​ប្រវត្តិសាស្ត្រខ្មែរបែបរឿងព្រេងនិទាន មិនច្រើននាក់នោះទេ ក្នុងនោះ​មាន​លោកបណ្ឌិត រស់ ចន្ត្រាបុត្រ លោក​កេង វ៉ាន់សាក់ លោកបណ្ឌិតម៉ក់ ភឺន ជាដើម ។

 

ថ្ងៃនេះខ្ញុំសូម​លើកជាសម្មតិកម្ម​ថ្មីមួយ​រវាង​ប្រវត្តិសាស្ត្រខ្មែរ​ជាលក្ខណៈរឿងនិទាន និង​ប្រវត្តិសាស្ត្រខ្មែរ​ដែល​យើង​សិក្សា​សព្វថ្ងៃ៖

 

– ព្រះថោង គឺ​ជា​ព្រះបាទជ័យវរ្ម័នទី ២ ហើយនគរគោកធ្លក គឺអាចជា​ភ្នំគូលេន ឬ​ទួល​ខ្ពស់ណាមួយ​នៅ​តំបន់​អង្គរ ចំណែក​ស្តេចចាម​ដែលព្រះថោង​ធ្វើ​សង្គ្រាម​ជាមួយនោះ គឺ​ជា​នគររដ្ឋណាមួយ​នៅក្នុង​ដែនដីចេនឡា ដែល​អាចជា​ចំប៉ាសាក់ ឬក៏​កន្លែងណាមួយ​នៅ​ភូមិភាគកណ្តាល​ ផ្នែក​ពាយ័ព្យ របស់​ប្រទេស​កម្ពុជាសព្វថ្ងៃ ។

 

– ព្រះកេតុមាលា ឬ អរិដ្ឋពលពាហនោ គឺជាព្រះបាទយសោវរ្ម័នទី ១ ដែល​បាន​ប្តូរទីក្រុងពីរលួស មកតំបន់អង្គរ នៅក្នុង​រឿងព្រេងថា​ព្រះអង្គរ​ជាបុត្រព្រះឥន្ទ្រ និង​ត្រូវបាន​ព្រះឥន្ទ្រ បញ្ជាឲ្យ​ព្រះវិស្វកម្ម​សង់​ប្រាសាទជាក្រោលគោ​ព្រះឥន្ទ្រថ្វាយ​នោះ គឺត្រូវគ្នានឹងប្រវត្តិសាស្ត្រក្នុង​សិលាចារឹក ដែល​ព្រះបាទយសោវរ្ម័នទី ១ គឺជា​បុត្ររបស់​ព្រះបាទឥន្ទ្រវរ្ម័ន ទី ១ ហើយ​ព្រះបាទឥន្ទ្រវរ្ម័ន ទី ១  ព្រះអង្គ​បាន​សង់ប្រាសាទព្រះគោ ដែល​មាន​រូបគោធំៗ នៅ​ពីមុខប្រាសាទ ជាប្រាសាទឧទ្ទិសថ្វាយព្រះសិវៈ ដែល​មាន​គោនន្ទិ​ជាជំនិះ​ព្រះសិវៈ​នៅ​ពីមុខ ។

 

– ព្រះសហស្សរង្សី ដែលត្រូវជាចៅរបស់​ព្រះកេតុមាលា គឺជាព្រះបាទហស៌វរ្ម័នទី ១ ដែល​បាន​ឡើង​សោយរាជ្យ​នៅ​យសោធរបុរៈ (អង្គរ) ​បន្តពី​ព្រះបាទ​យសោវរ្ម័នទី ១ ។

 

– ព្រះបទុមវរវង្ស គឺជាព្រះបាទជ័យវរ្ម័នទី ៤ ដែល​បាន​ទៅតាំងរាជធានី​នៅ​កោះកេរ ខណៈពេល​ដែល​ស្តេច​ហស៌វរ្ម័នទី ១ សោយរាជ្យ​នៅអង្គរ ហើយ​តាមប្រវត្តិសាស្ត្រ​បែបរឿងព្រេង​របស់​ខ្មែរ ព្រះអង្គ​គឺជាក្មួយ​របស់​គ្រូបាធ្យាយ​របស់​ព្រះកេតុមាលា និងបានរៀបការជាមួយ​នឹង​ក្មួយ​ស្រី​របស់​ព្រះកេតុមាលា ។

 

– ព្រះបុទុមសុរិយវង្ស គឺជា​ព្រះបាទសូរិយវរ្ម័នទី ១ នៅក្នុងរាជ្យ​របស់​ព្រះបុទុមសុរិយវង្ស មាន​សំពៅ​របស់​ភូមា (ខ្មែរថាលាវ ថៃថា​ភូមា ឡានណាថា​ភូមា សូម្បីតែឈ្មោះស្តេចក៏​ស្តេចភូមាដែរ គឺ​ស្តេច ​ធម្មាអនុរថ​ ហើយ​នៅសម័យ​នោះ​នគរលាវក៏មិនទាន់មានដែរ) មានដឹកគម្ពីរព្រះត្រៃបិតក ព្រះពុទ្ធរូប​ព្រះកែវមរកត ព្រះពុទ្ធរូបកែវព្រះភ្លើង ព្រះឧណ្ណាលោម និងមានព្រះសង្ឃមកជាមួយផង បាន​ចូលមក​ចត​នៅ​បន្ទាយមាស គឺ​កំពង់ផែ​អូរកែវរបស់​ខ្មែរ ដែល​អាចមកពីច្រឡំផ្លូវផង និង​ដោយសារ​ព្យុះនាំខុសផ្លូវផង ។ មន្ត្រីខ្មែរ​ក៏បាន​អញ្ជើញ​ព្រះរបស់​ជាទីសក្ការៈ​នោះ​មកអង្គរ តែ​ពេល​មកដល់​ទន្លេ​ចតុមុខ ក៏​កើត​មាន​រឿងទៀត ទើប​គេសាង​វត្ត​តំកល់​របស់​ស័ក្តិសិទ្ធិ​នោះ​នៅ​ឬស្សីកែវ ឬ​ក្រុង​ភ្នំពេញ តែកាលសម័យនោះ​គឺមិនទាន់មាន​វត្តភ្នំនោះទេ ។ វត្តដែលគេក៏សាង​មាន វត្តកែវព្រះភ្លើង (នៅក្បែរវត្តស្វាយពពែ សព្វថ្ងៃ​ប្រជាជន​យកធ្វើ​លំនៅ​អស់ហើយ) វត្តលង្កា វត្តកោះ វត្តព្រះពុទ្ធមានបុណ្យ វត្តព្រះពុទ្ធឃោសាចារ្យ និង​ចេតិយ​ព្រះឧណ្ណាលោម ។ សូម្បី​តែ​រឿង​សាងវត្តភ្នំ ក៏បាននិយាយដែរថា​យាយពេញ​លើក​ដើមគគីដែលអណ្តែតទឹក​មិនរួច ក៏​ទៅនិមន្ត​ព្រះគ្រូ​នៅវត្ត​លង្កា ឲ្យ​មួយ​ជួយ ទើបលើករួច ហើយ​ព្រះពុទ្ធរូបមួយ​នៅក្នុង​ដើមគគីនោះ ក៏ត្រូវ​បាន​និមន្តទៅ​រក្សាទុក​នៅ​វត្តលង្កា ដែលនេះបង្ហាញ​ថា​វត្តលង្កា កើតមុន​វត្តភ្នំ ដែល​សាង​ឡើង​នៅ​សតវត្សទី ១៣ ។ ចំណែក​នៅវត្តឧណ្ណាលោម ក៏មាន​ចេតិយ​ព្រះឧណ្ណាលោម​នៅខាងក្រោយ ដែល​គេមិនបានដឹង​អំពី​រចនាប័ទ្ម​នោះទេ តែបើតាម​ខ្ញុំ​សង្កេត​គឺ​អាចជារចនាបទបាពួន ឬបាភួន គឺត្រូវគ្នា​នឹង​រាជ្យ ព្រះបាទសូរិយវរ្ម័នទី ១ ឬបុត្ររបស់​ព្រះអង្គគឺ​ព្រះបាទឧទ័យាទិត្យវរ្ម័នទី ២ (មានស្តេចមួយក្នុងប្រវត្តិសាស្ត្រខ្មែរ​ជាលក្ខណៈរឿងនិទាន មានព្រះនាមថាអាទិត្តវង្ស​) មូលហេតុដែល​ខ្ញុំ​ថា​ជារចនាប័ទ្មបាពួន ដោយសារតែ​ប្រាសាទនោះ​សង់ពីថ្មភ្នំ ហើយ​ប្រាសាទនោះ​មាន​ទម្រង់​ប្រហាក់ប្រហែល​នឹង​ប្រាសាទ​ភ្នំដាដែរ​ គឺចាប់ផ្តើម​ពី​សម័យ​បាពួននេះហើយ ដែលមានការនិយម​សង់ប្រាសាទធ្វើពី​ថ្មភ្នំ​នៅ​តំបន់ផ្សេងៗនៅ​ទូទាំងប្រទេស ។ ក្នុងឯកសារប្រវត្តិសាស្ត្រ​ខ្មែរ​តាមសាស្ត្រាស្លឹករឹត​ក៏​និយាយដែរថា ព្រះបាទសូរិយវរ្ម័នទី ១ កាន់ព្រះពុទ្ធសាសនាមហាយាន ដូច្នេះការចូលមកដល់នៃវត្ថុស័ក្តិសិទ្ធិ​ទាំងឡាយ គឺ​ជាមហាកិត្តិយស​ចំពោះព្រះអង្គ ទើបព្រះអង្គ​បានសាង​ប្រាសាទសម្រាប់ជាកិច្ចបូជា ។ ​ឯកសារ​ពង្សាវតារ​វត្ដ​ទឹកវិល​វិញ​ ​ក៏​បាន​កត់សំគាល់ថា ​ព្រះ​បទុមសុរិយវង្ស​ជា​កូន​របស់​ព្រះបាទ​អាទិត្តវង្ស បើតាមឯកសារប្រវត្តិសាស្ត្រខ្មែរ​តាមសិលាចារឹក គឺមុនព្រះបាទសូរិយវរ្ម័នទី ១ មានព្រះមហាក្សត្រមួយ​ព្រះអង្គព្រះនាម ព្រះបាទឧទ័យាទិត្យវរ្ម័នទី ១ យើងឃើញថា​នៅក្នុង​ព្រះនាម គឺមានពាក្យថា អាទិត្ត និង​អាទិត្យ ដែល​ប្រហាក់ប្រហែលគ្នា ។

 

– ធនញ្ជ័យគោរពរាជ្យ គឺព្រះបាទឧទ័យាទិត្យវរ្ម័នទី ២ ដែលក្នុងរាជ្យព្រះអង្គ ឬក៏ក្នុងរាជ្យ​ ព្រះបាទសូរិយវរ្ម័នទី ១ អាចមានសង្គ្រាម​រវាងអាណាចក្រអង្គរ និង​ភូមា អាចមកពីរឿងព្រះកែវមរកត ឬក៏មកពីរឿងទឹកដី ។

 

– ស្តេចចក្រព័ត្រ គឺជាព្រះបាទសូរិយវរ្ម័នទី ២ ដែលក្នុងរាជ្យរបស់ព្រះអង្គមានការងារកំណែនជាច្រើន គឺប្រហែល​ជាការសាងអង្គរវត្តនោះឯង ។

 

– ព្រះបាទគោត្តមអមរទេវរាជ រឺ ដំបងគ្រញូង អាចជាស្តេចជ្រែករាជ្យណាមួយ ចន្លោះពីរាជ្យ ព្រះបាទសូរិយវរ្ម័នទី ២ ទៅរាជ្យ​ព្រះបាទជ័យវរ្ម័នទី ៧ ។

 

– ព្រហ្មកិល ឬក៏​បក្សីចាំក្រុង អាចជាព្រះបាទជ័យវរ្ម័នទី ៧ ។

 

– ព្រះបាទ​សែណ្ណ័ករាជ រឺ ស្ដេចពាល គឺជាព្រះបាទជ័យវរ្ម័នទី ៨ ដែល​មានការបំផ្លិចបំផ្លាញព្រះពុទ្ធសាសនា ទើបអ្នកកាន់ព្រះពុទ្ធសាសនាសម័យក្រោយ ដាក់នាមឲ្យព្រះអង្គថា​ស្តេចពាល ហើយនៅសម័យព្រះអង្គ​ក៏មាន​សៀម និងលាវ (លពបុរី??) បានលើកទ័ពមកវាតទី​នៅពេល​អង្គរមានទឹកជំនន់​នៅកំឡុង​ឆ្នាំ ១២៩១ ឬ ១២៩២ ដោយបាន​យក​គម្ពីរព្រះត្រៃបិតក និង​ព្រះពុទ្ធរូបព្រះកែវមរកត​ទៅជាមួយដែរ ។ បើតាមសាច់រឿងនេះ យើងឃើញ​ថា​រឿងព្រះកែវមរកត​ចូលមកប្រទេសខ្មែរ គឺជារឿងពិត សូម្បី​តែ​ព្រះពុទ្ធរូបសម័យ​អង្គរ ក៏មាន​លក្ខណៈ​ដូចគ្នា​ទៅនឹង​ព្រះពុទ្ធរូប​ព្រះកែវមរកត​របស់​ថៃ​សព្វថ្ងៃ ដែល​អ្នក​ខ្លះ​ថា​ជា​សិល្បៈ​ឈៀងសែន តាមពិតទៅ​សិល្បៈ​ឈាងសែន ឬ​ក៏​សុខោទ័យ ឬក៏​អយុធ្យា គេមិននិយម​ព្រះពុទ្ធរូប​បែបសមាធិ ដូច​សិល្បៈ​ខ្មែរ​ក្នុង​រចនាប័ទ្ម​អង្គរវត្ត និង​បាយ័ន​នោះទេ គឺ​គេនិយមព្រះផ្ចាញ់មារ​ទេ តែព្រះពុទ្ធរូបព្រះកែវមរត​មានលក្ខណៈ​ជាទ្រង់ព្រះសមាធិ ដែល​អាចនិយាយថា ខ្មែរ​នៅសម័យរចនាប័ទ្ម​អង្គរវត្ត និង​បាយ័ន​ បាន​ចម្លង​ទម្រង់​នៃ​ព្រះកែវមរកត ព្រោះថា​នៅសម័យមុននោះ ក៏​គេពុំនិយមព្រះពុទ្ធរូប​សមាធិដែរ គឺគេនិយម​ជាព្រះផ្ចាញ់មារ ឬក៏ព្រះពុទ្ធរូបឈរ ។

 

– ព្រះបាទអង្គជ័យ រឺ តាត្រសក់ផ្អែម គឺជាព្រះបាទស្រិន្ទ្រវរ្ម័ន ជាស្តេចជ្រែករាជ្យ ពីព្រះបាទជ័យវរ្ម័នទី ៨ និងជាព្រះមហាក្សត្រ​សោយរាជ្យ​នៅ​ពេល​ដែល​ជីវតាក្វាន់ចូលមកកត់ត្រាអំពី​ប្រពៃណីយ៍​អ្នកស្រុកចេនឡា ។

 

ជាសរុបមក ប្រវត្តិសាស្ត្រខ្មែរ​តាមរឿងព្រេង មិនបាន​កត់ត្រា​ប្រវត្តិសាស្ត្រ​សម័យ​នគរភ្នំ និងសម័យ​ចេនឡា ទីក្រុង​នៅ​សម្បូរណ៍ព្រៃគុហ៍​នោះទេ តែ​គឺប្រវត្តិសាស្ត្រខ្មែរ​តាមសាស្ត្រាស្លឹករឹត បានកត់ត្រាត្រឹមសម័យអង្គរ​ចេញ​ពីរាជជ័យវរ្ម័នទី ២ តែ​ប៉ុណ្ណោះ ។ ខ្ញុំសូមធ្វើការសន្និដ្ឋានមួយ​ចំណុចទៀត គឺពាក្យថា វរ្ម័ន នេះ អាចក្លាយ​ទៅ​ជាពាក្យ វង្ស នៅ​សម័យក្រោយ ឬ​ក៏​អ្នកអានសិលាចារឹក​សម័យ​មុនមានការយល់ច្រឡំក៏អាចថាបាន ព្រោះថា​អ្នកស្រីពៅ សាវរស ក៏មានការលើកឡើងមួយ​ចំនួន ទាក់ទងនឹងរឿងនេះដែរ ។

រឿងម៉ាក់ថឺង ឬម៉ាក់ថឹង ឬម៉ាក់ថើង គឺជាផ្នែកមួយនៃប្រវត្តិសាស្ត្រមន

Khmer performance of Mon History (Razadarit Ayedawbon)

រឿងម៉ាក់ថឺង ឬម៉ាក់ថឹង ឬម៉ាក់ថើង គឺជាផ្នែកមួយនៃប្រវត្តិសាស្ត្រមន

ខ្ញុំមានចម្ងល់តាំងតែពីមើលរឿងចាកផ្សាយនៅក្នុងប៉ុស្តទទក. រហូតដល់ឃើញចម្រៀងរឿងម៉ាក់ថឹង និងមើលល្ខោនយីកេផ្សេងៗ គឺឈ្មោះតួអង្គនៅក្នុងរឿងនេះមានឈ្មោះប្លែកៗ មិនមែនជាឈ្មោះបាលីសំស្ក្រឹត ក៏មិនមែនឈ្មោះខ្មែរ ឬក៏ឈ្មោះថៃដែរ ខ្មែរឯណាទៅដាក់ឈ្មោះកូនប្រុសឈ្មោះ ម៉ាក់ថើង ឈ្មោះកូនស្រីឈ្មោះ ម៉ឺយចឺយ ឬប៉ាងគីយ៉ា នោះ ហើយឈ្មោះព្រះអង្គម្ចាស់នៅក្នុងរឿងហ្នឹ៎ងឈ្មោះថាផ្យាណយ ស្តាប់ទៅស្រដៀងពាក្យថៃថា ផៈយ៉ា ណយ ប្រសិនបើបកប្រែខ្មែរគឺ ពញាណយ ឬពញាតូច ។ ប្រសិនបើគ្រាន់តែស្តាប់ឈ្មោះតួទាំងនេះ ក៏ដឹងដែរថាមិនមែនជាខ្មែរនោះទេ តែមិនដឹងថារឿងអ្វី ?

 

ទាល់តែថ្ងៃមួយខ្ញុំស្តាបឡាំតាត់ថៃ (https://www.youtube.com/watch?v=wbUXMQy2ik0 ចម្រៀងឆ្លងឆ្លើយរបស់ថៃ ស្រដៀងអាយ៉ៃរបស់ខ្មែរដែរ) ខ្ញុំឮអ្នកចម្រៀងគឺម៉ែចារូញ គាត់ច្រៀងទាក់ទងនឹងនាង ម៉ឹយចើង និងតាម៉ាក់ធើង ទើបខ្ញុំដឹងថារឿងនេះប្រហែលជាខ្មែរយើងបានទទួលបន្តពីថៃ ទាល់តែទៅស្រាវជ្រាវបន្តទៅទៀត បានដឹងថាចំណុចនៃរឿងម៉ាក់ថឹង របស់ខ្មែរយកមកសម្តែងក្នុងទម្រង់យីកេនេះ គឺជាផ្នែកមួយនៃប្រវត្តិសាស្តមន នៅក្នុងរាជស្តេចមួយដែលមានព្រះនាមថា រាជាធិរាជ (Razadarit Ayedawbon) សោយរាជ្យនៅនគរមននៅចុងសតវត្សទី ១៤ និងដើមសតវត្សទី ១៥ ។

 

ប្រវត្តិដំណាលពីព្រះអង្គម្ចាស់មនព្រះនាម ផ្យាណយ ឬជាពាក្យមនគឺ ពញាន្វេ (Binnya Nwe) ដែលត្រូវជាបុត្រស្តេចអង្គមុន ត្រូវបានគេចាប់ដាក់គុក នឹងត្រូវបានបងស្រីម្តាយទីទៃ ជួយរំដោះ ហើយបានទៅស្នាក់នៅស្រុកមួយឈ្មោះថាស្រុក តៈកើង (ក្នុងយីកេខ្មែរ គេហៅស្រុកនោះថា តាគ្រើង ស្រុកតៈកើង ឬ តាគ្រើង នេះ គឺក្រុង Yangon សព្វថ្ងៃនេះឯង ដែលជាឈ្មោះថ្មី សម្រាប់ឈ្មោះដើមដែលជាភាសាមន គឺមានឈ្មោះ ថា Dagon ឬ តៈកើង ជាក់ស្កែងគឺបន្សល់ទុកនូវឈ្មោះចេតិយដ៏ល្បីប្រចាំទីក្រុងរ៉ង់ហ្គូន ឬយ៉ាងហ្គូន គឺចេតិយឆ្វេដាកន ឬចេតិយមាស ក្រុងតៈកើង) នៅទីនោះផ្យាណយ បានលួចស្រឡាញ់មនុស្សស្រីលក់ប្រេងម្សៅម្នាក់ឈ្មោះនាងម៉ឺយចឺយ ឬម៉ឺយចើង ឬនាងម៉ឺយម៉ាងគៈយ៉ា ឬ ម្វេម៉ាណាតេ (Mwe Ma Nate ប្រហែលជាឈ្មោះម៉ឺយម៉ាងគៈយ៉ា នេះហើយដែលក្លាយជាឈ្មោះខ្មែរហៅថា ប៉ាងគីយ៉ា) នាងនោះក៏លួចស្រឡាញ់ផ្យាណយ ដែរ ដោយលួចដៀងកន្ទុយភ្នែកឲ្យផ្យាណយផងដែរ សូម្បីតែនាងបានការជាមួយមនុស្សចំណាស់ម្នាក់ គឺថា ម៉ាក់ថឹង ឬម៉ាក់ថឺង ឬម៉ាក់ចាត ។ នៅពេលបានស្រឡាញ់នាងម៉ឺយចឺយហើយ ផ្យាណយក៏បានប្រើឲ្យមេស្រុកទៅជួយទាក់ទងនាងម៉ឺយចឺយមកឲ្យខ្លួន នាងម៉ឺយចឺយក៏ព្រមបោះបង់តាម៉ាក់ថឺងទៅតាមផ្យាណយ ធ្វើឲ្យតាម៉ាក់ថឺងកើតទុក្ខមិនសុខចិត្តយំឡាំប៉ា រហូតត្រូវគេយកទៅសម្លាប់ចោលទៅ ។ ក្រោយមកនាងម៉ឺយចឺយ ក៏ក្លាយទៅជាអគ្គមហេសីរបស់ផ្យាណយ នៅពេលដែលព្រះអង្គត្រូវបានគេលើកតែងតាំងជាមហាក្សត្រមន នៅក្រោយការបង្ក្រាបស្តេចជ្រែករាជ្យ ហើយព្រះនាមនៅពេលឡើងសោយរាជ្យរបស់ព្រះអង្គគឺរាជាធិរាជ ។ រឿងទាក់ទងនឹងស្តេចរាជាធិរាជនេះ នៅមានវែងឆ្ងាយទៀត សូមអានអត្ថបទភ្ជាប់មកនេះ (https://en.wikipedia.org/wiki/Talamidaw) ។

 

តាមរយៈរឿងនេះ ឃើញថាខ្មែរយើងយករឿងនេះមកសម្តែងខុសពីសាច់រឿងប្រវត្តិសាស្ត្រពិតរបស់មន ដែលថានាងម៉ឺយចឺយស្មោះស្ម័គ្រនឹងតាម៉ាក់ថឺង ខណៈរឿងមនបង្ហាញអំពីអយុត្តិធម៌របស់ខ្សែរាជវង្ស ដែលមិនត្រូវបានផ្តល់យុត្តិធម៌ឲ្យរាស្ត្រនោះទេ តែរឿងល្ខោនយីកេខ្មែរគឺម៉ាក់ថឺងឡើងរហូតដល់ស្តេចព្រហ្មទត្តជាបិតារបស់ផ្យាណយឲ្យជួយដោះស្រាយបញ្ហា ហើយចុងក្រោយនាងម៉ឺយចឺយត្រូវបានផ្យាណយចាក់សម្លាប់ ក្រោយមកស្តេចព្រហ្មទត្តក៏បញ្ជាសេនាឲ្យយកផ្យាណយទៅសម្លាប់ចោលដែរ ដើម្បីផ្តល់សេចក្តីយុត្តិធម៌ ។

 

ក្រៅពីរឿងម៉ាក់ថឺង ដែលជារឿងប្រវត្តិសាស្ត្រមន ខ្មែរយើងក៏នៅមានការសម្តែងរឿងប្រវត្តិសាស្ត្រជ្វា ឬឥណ្ឌូនេស៊ីសព្វថ្ងៃដែរ គឺរឿងអ៊ីណៅបុស្សបា ដែលទាំងនេះបង្ហាញអំពីការផ្សាយភាយនូវវប្បធម៌ទៅវិញទៅមករវាងបណ្តាប្រទេសនៅអាស៊ីតាំងតែពីបុរាណកាល ។

ละครพันทางเรื่องราชาธิราชตอน พระยาน้อยชมตลาด-เม้ยนะนิกระเริงรัก

https://www.facebook.com/changsri.kh

Categories: Khmer, Thailand, Uncategorized

រូបគំនូរថៃទាក់ទងទៅនឹងការចូលមកដល់របស់ព្រះកែវមរកតចូលមកក្រុងឥន្ទ្របស្ថ ឬក្រុងយសោធរៈបុរៈ

Thai traditional painting depicted the arrival of Emerald Buddha to Angkor

រូបគំនូរថៃ​ទាក់ទង​ទៅនឹង​ការចូលមកដល់​របស់​ព្រះកែវមរកតចូល​មក​ក្រុង​ឥន្ទ្របស្ថ ឬក្រុង​យសោធរៈបុរៈ

 

ប្រវត្តិ​នៃការចូលមកដល់​របស់​ព្រះកែវមរកត ត្រូវបាន​គេរកឃើញ​ឯកសារចាស់​ដែល​មាន​អាយុកាល​យ៉ាងតិច​ក៏ជាង ៥០០​ឆ្នាំដែរ ដែល​រៀបរាប់ថា ព្រះពុទ្ធរូបព្រះកែវមរកត​ត្រូវ​បាន​សាងឡើង​ដោយ​ថ្មកែវ​ពណ៌​ខៀវ នៅ​នគរ​បាតលីបុត្រ (បាតនា ទីរួមរដ្ឋធំ របស់​រដ្ឋពិហារ នៅប្រទេសឥណ្ឌា) បន្ទាប់មកនៅ​បាតលីបុត្រ​មានសង្គ្រាម ក៏​ត្រូវ​បាន​គេនិមន្តយកមក​តម្កល់​នៅ​ស្រីលង្កា ក្រោយ​មក​ស្តេច​ភូមា ព្រះនាមអនុរថ បាន​ទៅចម្លង​ព្រះត្រៃបិតក និង​និមន្ត​ព្រះពុទ្ធរូប​នេះ​មក​ភូមា ដោយ​ដឹក​មកចំនួន ២ សំពៅ សំពៅ​មួយ​មិនបាន​ទៅ​ភូមា​ទេ តែ​ត្រូវ​ព្យុះ​បក់នាំមក​មហានគរ ហើយ​ត្រូវ​បាន​នមន្ត​យក​ទៅ​តំកល់ទុក​ក្នុង​ក្រុង​អង្គរ ក្នុង​រាជ្យ​ស្តេច​បុទមសុរិយោវង្ស (ស្តេច​សូរិយវរ្ម័នទី ១??) ក្រោយ​មក​ក្នុង​រាជ្យ​ស្តេចពាល ពេល​មាន​ទឹកជំនន់ធំ ពួក​លាវ (លពបុរី?? លាវមិនទាន់មានប្រទេសទេ) និង​ពួក​សៀមសុខោទ័យ បាន​លើកទ័ព​មក​លួចប្លន់​នៅ​អង្គរ ក៏​យក​ព្រះពុទ្ធរូប​ព្រះកែវមរកត​ពី​អង្គរទៅ ។ នៅមានរឿងវែងឆ្ងាយទៀត ដែល​ព្រះពុទ្ធរូប​ព្រះកែវមរត ត្រូវ​បាននិមន្ត​បន្ត​ទៅ​កំពែងពេជ្រ ទៅ​ហរិបុញ្ជ័យ (ឡាំប៉ាង) ឈៀងម៉ៃ វៀងច័ន្ទន៍ និងចុងក្រោយ​មកនៅ​ក្រុង​បាងកក ​ដល់​សព្វថ្ងៃ ។

 

នៅស្រុកខ្មែរ​យើង ពង្សាវតារ​ខ្មែរ​បានកត់ត្រា​យ៉ាងលម្អិត​អំពី​ការមកដល់​របស់​ព្រះកែវមរកតនេះ និង​មានការសាងសង់វត្តលង្កា វត្តកោះ វត្តព្រះពុទ្ធមានបុណ្យ វត្តព្រះពុទ្ធឃោសាចារ្យ វត្ត​កែវព្រះភ្លើង និងចេតិយ​ព្រះឧណ្ណាលោម សម្រាប់តម្កល់​វត្ថុ​មង្គល​ទាំងនោះ​មួយរយៈ នៅពេល​គេ​និមន្តរបស់​ទាំងនោះ​ពី​កំពង់ផែ បន្ទាយមាស (កំពុងផែ អូកែវ សម័យអង្គរ នៅ​ម្តុំខេត្តមាត់ជ្រូក នៅ​កម្ពុជាក្រោម​សព្វថ្ងៃ ដែល​ចាប់នឹង​ខេត្ត​កំពត) ។

 

មានការសិក្សា​មួយ​ចំនួនថា​រូបសំណាក​ព្រះកែវមរកត​អង្គបច្ចុប្បន្ន​ដែល​នៅ​ក្នុង​វត្តព្រះកែវមរកត ក្នុង​ព្រះបរមរាជវាំង​ប្រទេស​ថៃ គឺជាសិល្បៈ​បែបឈៀងស៊ែន នៅម្តុំ​ខេត្ត​ភាគខាងជើងរបស់​ថៃ ជាប់នឹង​ខេត្តឈៀងម៉ៃ តាមរយៈការវិភាគទម្រង់​សិល្បៈ ។ តែលក្ខណៈពិសេស​របស់​ទម្រង់​ព្រះពុទ្ទរូប​ក្នុង​មុទ្រ​សមាធិ​នេះ ពុំសូវ​មាន​ការនិយម​នៅក្នុង​ប្រទេសថៃនោះទេ ទាំងឡានណា សុខោទ័យ អយុធ្យា គេនិយម​រូបព្រះ​ផ្ចាញ់មារ ដូច្នេះ​គួរតែមិនមែន​ជា​សិល្បៈ​ឈៀងស៊ែនទេ តែ​គួរតែសិល្បៈ​របស់​ឥណ្ឌា ឬ​ស្រីលង្កា ព្រោះថា​នៅ​ទីនោះ​គេនិយម​ព្រះពុទ្ធរូប​សមាធិ​តាំងតែពីសម័យបុរាណ ។ សម្រាប់​ប្រវត្តិសាស្ត​ខ្មែរវិញ បាន​រៀបរាប់ថា​បន្ទាប់​ពី​បាត់​ព្រះពុទ្ធរូប​​ព្រះកែវមរកត ស្តេចត្រសក់ផ្អែម​ដែល​កាន់ព្រះពុទ្ធសាសនា បាន​ឲ្យ​ពួកមន្ត្រី​បុរោហិត រៀបចំស្ល​ព្រះយកគំរូ​តាម​ព្រះកែវមរកត ដើម្បី​ជំនួស​ព្រះពុទ្ធរូប និង​វត្ថុស័ក្តិសិទ្ធ​ដែល​ត្រូវ​បាត់​ទៅ​ ។ យើងឃើញ​ថា​ទម្រង់​ព្រះពុទ្ធ​រូប​សម័យ​អង្គរ រាប់ពីសម័យ​បាពួន (បាភួន) អង្គរវត្ត និង​បាយ័ន គឺ​មាន​ទម្រង់​ជាព្រះពុទ្ធរូប​សមាធិ​ស្ទើរ​ទាំងស្រុង ដែលនេះ​អាច​បណ្តាល​មកពី​មាន​ការចម្លង​បែប​ព្រះពុទ្ធរូប​សមាធិ​ពី​គំរូ​របស់​ព្រះកែវមរកត តាំងពីមុន​សម័យ​តា​ត្រសក់​ផ្អែម​ទៅទៀត ។ សូម្បី​តែនៅសម័យ​មុននោះ ក៏​មិនមាន​ការនិយម​ព្រះពុទ្ធរូប​សមាធិ​នៅ​ក្នុង​សិល្បៈ​ខ្មែរដែរ ។

 

មួយទៀត​ទាក់ទង​នឹង​ព្រះកែវមរកតនេះ ខ្ញុំ​សូមលើក​សម្មតិកម្ម​មួយទៀតថា រឿងព្រះគោព្រះកែវ គឺជារឿងនិទាន​ក្លាយ​បង្ហាញ​ពីការបាត់បង់ព្រះកែវមរកត ដែល​កើត​ឡើង​នៅចុងសម័យ​អង្គរ  មិនមែន​កើត​ឡើង​នៅ​សម័យ​លង្វែកនោះទេ តែ​អ្នកនិទានរឿងច្រឡំ ព្រោះថា​បើ​កើត​ឡើង​នៅ​ក្នុង​សម័យ​លង្វែក​មែន​នោះ នោះ​ប្រវត្តិសាស្ត្រ​ខ្មែរ តាមពង្សាវតារ គួរតែកត់ត្រារឿង​នេះ​បាន​ច្បាស់លាស់ជាង​នេះ ។