Home > Cambodia, Khmer, Khmer's Cultures, Uncategorized > ប្រវត្តិសាស្ត្រខ្មែរ ជាលក្ខណៈរឿងព្រេង

ប្រវត្តិសាស្ត្រខ្មែរ ជាលក្ខណៈរឿងព្រេង

Khmer History base on Tale

ប្រវត្តិសាស្ត្រខ្មែរ ជាលក្ខណៈរឿងព្រេង

DSC_2222

ដោយសារគិតថា​ប្រវត្តិសាស្ត្រ​ខ្មែរ​ពីពេល​ដែល​ព្រះថោង​ មកសាង​នគរ​នៅនគរគោកធ្លក រហូត​ដល់​សម័យ​ព្រះនិព្វានបទ មានលក្ខណៈ​អស្ចារ្យអច្ឆរិយៈពេក មិនសមនឹង​រឿងពិត បាន​ធ្វើ​ឲ្យ​អ្នកសិក្សាប្រវត្តិសាស្ត្រខ្មែរ ទាំងបរទេស និងខ្មែរ ព្យាយាម​សិក្សា​ប្រវត្តិសាស្ត្រខ្មែរ និងចងក្រងប្រវត្តិសាស្ត្រ​ខ្មែរ ដោយផ្អែក​ទៅលើ​សិលាចារឹក និង​ឯកសារទំនាក់ទំនងការទូត​ជាមួយ​ប្រទេសជិតខាង ដូចជាចិនជាដើម ។ មានអ្នកសិក្សា​ប្រវត្តិសាស្ត្រខ្មែរបែបរឿងព្រេងនិទាន មិនច្រើននាក់នោះទេ ក្នុងនោះ​មាន​លោកបណ្ឌិត រស់ ចន្ត្រាបុត្រ លោក​កេង វ៉ាន់សាក់ លោកបណ្ឌិតម៉ក់ ភឺន ជាដើម ។

 

ថ្ងៃនេះខ្ញុំសូម​លើកជាសម្មតិកម្ម​ថ្មីមួយ​រវាង​ប្រវត្តិសាស្ត្រខ្មែរ​ជាលក្ខណៈរឿងនិទាន និង​ប្រវត្តិសាស្ត្រខ្មែរ​ដែល​យើង​សិក្សា​សព្វថ្ងៃ៖

 

– ព្រះថោង គឺ​ជា​ព្រះបាទជ័យវរ្ម័នទី ២ ហើយនគរគោកធ្លក គឺអាចជា​ភ្នំគូលេន ឬ​ទួល​ខ្ពស់ណាមួយ​នៅ​តំបន់​អង្គរ ចំណែក​ស្តេចចាម​ដែលព្រះថោង​ធ្វើ​សង្គ្រាម​ជាមួយនោះ គឺ​ជា​នគររដ្ឋណាមួយ​នៅក្នុង​ដែនដីចេនឡា ដែល​អាចជា​ចំប៉ាសាក់ ឬក៏​កន្លែងណាមួយ​នៅ​ភូមិភាគកណ្តាល​ ផ្នែក​ពាយ័ព្យ របស់​ប្រទេស​កម្ពុជាសព្វថ្ងៃ ។

 

– ព្រះកេតុមាលា ឬ អរិដ្ឋពលពាហនោ គឺជាព្រះបាទយសោវរ្ម័នទី ១ ដែល​បាន​ប្តូរទីក្រុងពីរលួស មកតំបន់អង្គរ នៅក្នុង​រឿងព្រេងថា​ព្រះអង្គរ​ជាបុត្រព្រះឥន្ទ្រ និង​ត្រូវបាន​ព្រះឥន្ទ្រ បញ្ជាឲ្យ​ព្រះវិស្វកម្ម​សង់​ប្រាសាទជាក្រោលគោ​ព្រះឥន្ទ្រថ្វាយ​នោះ គឺត្រូវគ្នានឹងប្រវត្តិសាស្ត្រក្នុង​សិលាចារឹក ដែល​ព្រះបាទយសោវរ្ម័នទី ១ គឺជា​បុត្ររបស់​ព្រះបាទឥន្ទ្រវរ្ម័ន ទី ១ ហើយ​ព្រះបាទឥន្ទ្រវរ្ម័ន ទី ១  ព្រះអង្គ​បាន​សង់ប្រាសាទព្រះគោ ដែល​មាន​រូបគោធំៗ នៅ​ពីមុខប្រាសាទ ជាប្រាសាទឧទ្ទិសថ្វាយព្រះសិវៈ ដែល​មាន​គោនន្ទិ​ជាជំនិះ​ព្រះសិវៈ​នៅ​ពីមុខ ។

 

– ព្រះសហស្សរង្សី ដែលត្រូវជាចៅរបស់​ព្រះកេតុមាលា គឺជាព្រះបាទហស៌វរ្ម័នទី ១ ដែល​បាន​ឡើង​សោយរាជ្យ​នៅ​យសោធរបុរៈ (អង្គរ) ​បន្តពី​ព្រះបាទ​យសោវរ្ម័នទី ១ ។

 

– ព្រះបទុមវរវង្ស គឺជាព្រះបាទជ័យវរ្ម័នទី ៤ ដែល​បាន​ទៅតាំងរាជធានី​នៅ​កោះកេរ ខណៈពេល​ដែល​ស្តេច​ហស៌វរ្ម័នទី ១ សោយរាជ្យ​នៅអង្គរ ហើយ​តាមប្រវត្តិសាស្ត្រ​បែបរឿងព្រេង​របស់​ខ្មែរ ព្រះអង្គ​គឺជាក្មួយ​របស់​គ្រូបាធ្យាយ​របស់​ព្រះកេតុមាលា និងបានរៀបការជាមួយ​នឹង​ក្មួយ​ស្រី​របស់​ព្រះកេតុមាលា ។

 

– ព្រះបុទុមសុរិយវង្ស គឺជា​ព្រះបាទសូរិយវរ្ម័នទី ១ នៅក្នុងរាជ្យ​របស់​ព្រះបុទុមសុរិយវង្ស មាន​សំពៅ​របស់​ភូមា (ខ្មែរថាលាវ ថៃថា​ភូមា ឡានណាថា​ភូមា សូម្បីតែឈ្មោះស្តេចក៏​ស្តេចភូមាដែរ គឺ​ស្តេច ​ធម្មាអនុរថ​ ហើយ​នៅសម័យ​នោះ​នគរលាវក៏មិនទាន់មានដែរ) មានដឹកគម្ពីរព្រះត្រៃបិតក ព្រះពុទ្ធរូប​ព្រះកែវមរកត ព្រះពុទ្ធរូបកែវព្រះភ្លើង ព្រះឧណ្ណាលោម និងមានព្រះសង្ឃមកជាមួយផង បាន​ចូលមក​ចត​នៅ​បន្ទាយមាស គឺ​កំពង់ផែ​អូរកែវរបស់​ខ្មែរ ដែល​អាចមកពីច្រឡំផ្លូវផង និង​ដោយសារ​ព្យុះនាំខុសផ្លូវផង ។ មន្ត្រីខ្មែរ​ក៏បាន​អញ្ជើញ​ព្រះរបស់​ជាទីសក្ការៈ​នោះ​មកអង្គរ តែ​ពេល​មកដល់​ទន្លេ​ចតុមុខ ក៏​កើត​មាន​រឿងទៀត ទើប​គេសាង​វត្ត​តំកល់​របស់​ស័ក្តិសិទ្ធិ​នោះ​នៅ​ឬស្សីកែវ ឬ​ក្រុង​ភ្នំពេញ តែកាលសម័យនោះ​គឺមិនទាន់មាន​វត្តភ្នំនោះទេ ។ វត្តដែលគេក៏សាង​មាន វត្តកែវព្រះភ្លើង (នៅក្បែរវត្តស្វាយពពែ សព្វថ្ងៃ​ប្រជាជន​យកធ្វើ​លំនៅ​អស់ហើយ) វត្តលង្កា វត្តកោះ វត្តព្រះពុទ្ធមានបុណ្យ វត្តព្រះពុទ្ធឃោសាចារ្យ និង​ចេតិយ​ព្រះឧណ្ណាលោម ។ សូម្បី​តែ​រឿង​សាងវត្តភ្នំ ក៏បាននិយាយដែរថា​យាយពេញ​លើក​ដើមគគីដែលអណ្តែតទឹក​មិនរួច ក៏​ទៅនិមន្ត​ព្រះគ្រូ​នៅវត្ត​លង្កា ឲ្យ​មួយ​ជួយ ទើបលើករួច ហើយ​ព្រះពុទ្ធរូបមួយ​នៅក្នុង​ដើមគគីនោះ ក៏ត្រូវ​បាន​និមន្តទៅ​រក្សាទុក​នៅ​វត្តលង្កា ដែលនេះបង្ហាញ​ថា​វត្តលង្កា កើតមុន​វត្តភ្នំ ដែល​សាង​ឡើង​នៅ​សតវត្សទី ១៣ ។ ចំណែក​នៅវត្តឧណ្ណាលោម ក៏មាន​ចេតិយ​ព្រះឧណ្ណាលោម​នៅខាងក្រោយ ដែល​គេមិនបានដឹង​អំពី​រចនាប័ទ្ម​នោះទេ តែបើតាម​ខ្ញុំ​សង្កេត​គឺ​អាចជារចនាបទបាពួន ឬបាភួន គឺត្រូវគ្នា​នឹង​រាជ្យ ព្រះបាទសូរិយវរ្ម័នទី ១ ឬបុត្ររបស់​ព្រះអង្គគឺ​ព្រះបាទឧទ័យាទិត្យវរ្ម័នទី ២ (មានស្តេចមួយក្នុងប្រវត្តិសាស្ត្រខ្មែរ​ជាលក្ខណៈរឿងនិទាន មានព្រះនាមថាអាទិត្តវង្ស​) មូលហេតុដែល​ខ្ញុំ​ថា​ជារចនាប័ទ្មបាពួន ដោយសារតែ​ប្រាសាទនោះ​សង់ពីថ្មភ្នំ ហើយ​ប្រាសាទនោះ​មាន​ទម្រង់​ប្រហាក់ប្រហែល​នឹង​ប្រាសាទ​ភ្នំដាដែរ​ គឺចាប់ផ្តើម​ពី​សម័យ​បាពួននេះហើយ ដែលមានការនិយម​សង់ប្រាសាទធ្វើពី​ថ្មភ្នំ​នៅ​តំបន់ផ្សេងៗនៅ​ទូទាំងប្រទេស ។ ក្នុងឯកសារប្រវត្តិសាស្ត្រ​ខ្មែរ​តាមសាស្ត្រាស្លឹករឹត​ក៏​និយាយដែរថា ព្រះបាទសូរិយវរ្ម័នទី ១ កាន់ព្រះពុទ្ធសាសនាមហាយាន ដូច្នេះការចូលមកដល់នៃវត្ថុស័ក្តិសិទ្ធិ​ទាំងឡាយ គឺ​ជាមហាកិត្តិយស​ចំពោះព្រះអង្គ ទើបព្រះអង្គ​បានសាង​ប្រាសាទសម្រាប់ជាកិច្ចបូជា ។ ​ឯកសារ​ពង្សាវតារ​វត្ដ​ទឹកវិល​វិញ​ ​ក៏​បាន​កត់សំគាល់ថា ​ព្រះ​បទុមសុរិយវង្ស​ជា​កូន​របស់​ព្រះបាទ​អាទិត្តវង្ស បើតាមឯកសារប្រវត្តិសាស្ត្រខ្មែរ​តាមសិលាចារឹក គឺមុនព្រះបាទសូរិយវរ្ម័នទី ១ មានព្រះមហាក្សត្រមួយ​ព្រះអង្គព្រះនាម ព្រះបាទឧទ័យាទិត្យវរ្ម័នទី ១ យើងឃើញថា​នៅក្នុង​ព្រះនាម គឺមានពាក្យថា អាទិត្ត និង​អាទិត្យ ដែល​ប្រហាក់ប្រហែលគ្នា ។

 

– ធនញ្ជ័យគោរពរាជ្យ គឺព្រះបាទឧទ័យាទិត្យវរ្ម័នទី ២ ដែលក្នុងរាជ្យព្រះអង្គ ឬក៏ក្នុងរាជ្យ​ ព្រះបាទសូរិយវរ្ម័នទី ១ អាចមានសង្គ្រាម​រវាងអាណាចក្រអង្គរ និង​ភូមា អាចមកពីរឿងព្រះកែវមរកត ឬក៏មកពីរឿងទឹកដី ។

 

– ស្តេចចក្រព័ត្រ គឺជាព្រះបាទសូរិយវរ្ម័នទី ២ ដែលក្នុងរាជ្យរបស់ព្រះអង្គមានការងារកំណែនជាច្រើន គឺប្រហែល​ជាការសាងអង្គរវត្តនោះឯង ។

 

– ព្រះបាទគោត្តមអមរទេវរាជ រឺ ដំបងគ្រញូង អាចជាស្តេចជ្រែករាជ្យណាមួយ ចន្លោះពីរាជ្យ ព្រះបាទសូរិយវរ្ម័នទី ២ ទៅរាជ្យ​ព្រះបាទជ័យវរ្ម័នទី ៧ ។

 

– ព្រហ្មកិល ឬក៏​បក្សីចាំក្រុង អាចជាព្រះបាទជ័យវរ្ម័នទី ៧ ។

 

– ព្រះបាទ​សែណ្ណ័ករាជ រឺ ស្ដេចពាល គឺជាព្រះបាទជ័យវរ្ម័នទី ៨ ដែល​មានការបំផ្លិចបំផ្លាញព្រះពុទ្ធសាសនា ទើបអ្នកកាន់ព្រះពុទ្ធសាសនាសម័យក្រោយ ដាក់នាមឲ្យព្រះអង្គថា​ស្តេចពាល ហើយនៅសម័យព្រះអង្គ​ក៏មាន​សៀម និងលាវ (លពបុរី??) បានលើកទ័ពមកវាតទី​នៅពេល​អង្គរមានទឹកជំនន់​នៅកំឡុង​ឆ្នាំ ១២៩១ ឬ ១២៩២ ដោយបាន​យក​គម្ពីរព្រះត្រៃបិតក និង​ព្រះពុទ្ធរូបព្រះកែវមរកត​ទៅជាមួយដែរ ។ បើតាមសាច់រឿងនេះ យើងឃើញ​ថា​រឿងព្រះកែវមរកត​ចូលមកប្រទេសខ្មែរ គឺជារឿងពិត សូម្បី​តែ​ព្រះពុទ្ធរូបសម័យ​អង្គរ ក៏មាន​លក្ខណៈ​ដូចគ្នា​ទៅនឹង​ព្រះពុទ្ធរូប​ព្រះកែវមរកត​របស់​ថៃ​សព្វថ្ងៃ ដែល​អ្នក​ខ្លះ​ថា​ជា​សិល្បៈ​ឈៀងសែន តាមពិតទៅ​សិល្បៈ​ឈាងសែន ឬ​ក៏​សុខោទ័យ ឬក៏​អយុធ្យា គេមិននិយម​ព្រះពុទ្ធរូប​បែបសមាធិ ដូច​សិល្បៈ​ខ្មែរ​ក្នុង​រចនាប័ទ្ម​អង្គរវត្ត និង​បាយ័ន​នោះទេ គឺ​គេនិយមព្រះផ្ចាញ់មារ​ទេ តែព្រះពុទ្ធរូបព្រះកែវមរត​មានលក្ខណៈ​ជាទ្រង់ព្រះសមាធិ ដែល​អាចនិយាយថា ខ្មែរ​នៅសម័យរចនាប័ទ្ម​អង្គរវត្ត និង​បាយ័ន​ បាន​ចម្លង​ទម្រង់​នៃ​ព្រះកែវមរកត ព្រោះថា​នៅសម័យមុននោះ ក៏​គេពុំនិយមព្រះពុទ្ធរូប​សមាធិដែរ គឺគេនិយម​ជាព្រះផ្ចាញ់មារ ឬក៏ព្រះពុទ្ធរូបឈរ ។

 

– ព្រះបាទអង្គជ័យ រឺ តាត្រសក់ផ្អែម គឺជាព្រះបាទស្រិន្ទ្រវរ្ម័ន ជាស្តេចជ្រែករាជ្យ ពីព្រះបាទជ័យវរ្ម័នទី ៨ និងជាព្រះមហាក្សត្រ​សោយរាជ្យ​នៅ​ពេល​ដែល​ជីវតាក្វាន់ចូលមកកត់ត្រាអំពី​ប្រពៃណីយ៍​អ្នកស្រុកចេនឡា ។

 

ជាសរុបមក ប្រវត្តិសាស្ត្រខ្មែរ​តាមរឿងព្រេង មិនបាន​កត់ត្រា​ប្រវត្តិសាស្ត្រ​សម័យ​នគរភ្នំ និងសម័យ​ចេនឡា ទីក្រុង​នៅ​សម្បូរណ៍ព្រៃគុហ៍​នោះទេ តែ​គឺប្រវត្តិសាស្ត្រខ្មែរ​តាមសាស្ត្រាស្លឹករឹត បានកត់ត្រាត្រឹមសម័យអង្គរ​ចេញ​ពីរាជជ័យវរ្ម័នទី ២ តែ​ប៉ុណ្ណោះ ។ ខ្ញុំសូមធ្វើការសន្និដ្ឋានមួយ​ចំណុចទៀត គឺពាក្យថា វរ្ម័ន នេះ អាចក្លាយ​ទៅ​ជាពាក្យ វង្ស នៅ​សម័យក្រោយ ឬ​ក៏​អ្នកអានសិលាចារឹក​សម័យ​មុនមានការយល់ច្រឡំក៏អាចថាបាន ព្រោះថា​អ្នកស្រីពៅ សាវរស ក៏មានការលើកឡើងមួយ​ចំនួន ទាក់ទងនឹងរឿងនេះដែរ ។

  1. No comments yet.
  1. No trackbacks yet.

Leave a comment