ចេតិយ​វត្តប្រាង្គ នៅ​ក្រុងឧដុង្គ និង​ចេតិយ​វត្តភូខៅថង (ភ្នំមាស) នៅ​ក្រុង​ស្រីអយុធ្យា

 

Chedei in Wat Prang in Oudong, the ancient capital of Cambodia from the early of 17th century to the mid of 19th century; and Chedi Wat Phu Khao Thong in Ayutthaya, the ancient capital of Thailand from the mid of 14th century to the mid of 18th century.

ចេតិយវត្តប្រាង្គ នៅក្រុងឧដុង្គ និងចេតិយវត្តភូខៅថង (ភ្នំមាស) នៅក្រុងស្រីអយុធ្យា ។

ខ្ញុំមិនធ្លាប់បានអានជួបឯកសារណា ដែលនិយាយអំពីចេតិយវត្តប្រាង្គ សាងឡើងនៅសម័យណានោះទេ ឬមួយក៏សាងឡើងនៅសម័យសម្តេចព្រះសង្ឃរាជទៀង ? នៅពេលដែលខ្ញុំបានទៅឃើញចេតិយនៅវត្តប្រាង្គនោះនៅឆ្នាំ ២០០៧ គេទើបតែចាប់ជួសជុលបានបន្តិចប៉ុណ្ណោះ គឺខ្ញុំនៅអាចមើលឃើញបាយអរ អិដ្ឋ ដែលបាក់បែកខ្ចាត់ខ្ចាយនៅពេញនោះ រួមទាំងសន្លឹកសីមា និងរូបតោថ្មមួយចំនួនផងដែរ ។ ប្រសិនបើចេតិយនេះសាងឡើងនៅសម័យសម្តេចព្រះសង្ឃរាជទៀង ហេតុអ្វីក៏ចេតិយនេះមានសភាពទ្រុឌទ្រោមខ្លាំងម្ល៉េះ ? ព្រោះថាប្រសិនបើសាងនៅសម័យសម្តេចព្រះសង្ឃរាជទៀងមែន ចេតិយនេះ គួតែមានអាយុប្រហែលជាង ១៥០ ទៅ ១៨០ ឆ្នាំតែប៉ុណ្ណោះ ? ឬមួយក៏ចេតិយនេះ ត្រូវបានបំផ្លិចបំផ្លាញនៅក្នុងសម័យសង្គ្រាម ? ឬមួយក៏ខ្មែរសម័យនោះមិនមានបច្ចេកទេសក្នុងការសាងចេតិយជាលក្ខណៈប្រាង្គបែបនោះ ? ព្រោះថាចេតិយស្តេចមុនៗ ឬក៏ចេតិយដែលសាងនៅចុងសម័យឧដុង្គមួយចំនួន ក៏មិនមានសភាពទ្រុឌទ្រោមខ្លាំងដូចចេតិយវត្តប្រាង្គនេះដែរ ។

ប្រសិនបើយើងក្រឡេកទៅមើលការសាងប្រាសាទតាំងពីសម័យអង្គរ នៅក្នុងរចនាប័ទ្មព្រះគោ ដូចជាប្រាសាទបាគង និងប្រាសាទក្នុងរចនាប័ទ្មបាខែង គឺប្រាសាទភ្នំបាខែង ជាដើម គឺខ្មែរយើងចាប់ផ្តើមការសាងប្រាសាទនៅលើប្រាង្គថ្នាក់ៗដែលតំណាងឲ្យការសាងប្រាសាទនៅលើភ្នំ តែប្រសិនបើយើងសន្និដ្ឋានថាការសាងចេតិយវត្តប្រាង្គថាយកគំរូតាមប្រាសាទបុរាណនៅតំបន់អង្គរ នោះពិតជាពិបាកនឹងជឿងទុកចិត្តណាស់ ព្រោះថានៅសម័យឧដុង្គ ទោះជាមានការចេញចូលតំបន់អង្គរក៏ពិតមែន តែយើងពិបាកនឹងនិយាយណាស់ថាអ្នកសាងវត្តប្រាង្គ បានយកគំរូពីប្រាសាទនៅតំបន់អង្គរ ។

លក្ខណៈគួរឲ្យកត់សម្គាល់មួយរបស់ចេតិយវត្តប្រាង្គ គឺចេតិយនេះសាងសង់មានទម្រង់ស្រដៀងទៅនឹងចេតិយវត្តភូខៅថង នៅក្រុងស្រីអយុធ្យា ដែលចេតិយវត្តភូខៅថងនោះ ត្រូវបានសាងឡើងនៅក្នុងពេលដែលស្តេចបាយិនណោងរបស់រាចវង្សតងអ៊ូ របស់ភូមា យកជ័យជំនះគ្រប់គ្រងលើក្រុងអយុធ្យា ។ ចេតិយវត្តភូខៅថងនោះត្រូវបានសាងឡើងនៅលើផ្នែកខាងក្រៅនៃក្រុងស្រីអយុធ្យា ដែលជាទីតាំងដែលទ័ពភូមាលើកទ័ពយកមកឈ្នះសឹក និងគ្រប់គ្រងលើក្រុងស្រីអយុធ្យា នៅពាក់កណ្តាលសតវត្សទី ១៦ គឺការវាយបែកក្រុងស្រីអយុធ្យាលើកទី ១ ។ ចេតិយនេះ ត្រូវបានសាងឡើងនៅលើគ្រឹះរាងពីរ៉ាមីតបីជាន់ ដែលមានលក្ខណៈជាចេតិយបែបមន ហើយដែលក្រោយមកត្រូវបានថៃជួសជុលកែប្រែឲ្យក្លាយជាចេតិយ ១២ ជ្រុងបែបថៃវិញ ។ ប្រសិនបើយើងសិក្សាប្រៀបធៀបទៅ យើងឃើញថាចេតិយវត្តភូខៅថងនេះ ពិតជាមានរូបរាងស្រដៀងគ្នាទៅនឹងចេតិយវត្តប្រាង្គមែន គ្រាន់តែចេតិយវត្តភៅខៅថង អាចមានកំពស់ខ្ពស់ជាងបន្តិច និងមានមុំទេរបស់ជ្រុងចេតិយរាងចោតបន្តិច ហើយចំណុចខុសគ្នាមួយទៀត គឺចេតិយវត្តភូខៅថង ស្ថិតនៅពីខាងក្រោយពីលើអក្សតែមួយនៃវិហារធំរបស់វត្តនោះ តែចេតិយវត្តប្រាង្គបែរជាស្ថិតនៅពីខាងស្តាំ ឬខាងជើងព្រះវិហាររបស់វត្តប្រាង្គទៅវិញ ។ ឬមួយចេតិយវត្តប្រាង្គអាចយកលំនាំតាមចេតិយវត្តភូខៅថង ? ព្រោះថាសិល្បៈនៃការសាងចេតិយរបស់ថៃនៅសម័យក្រុងបាងកក ក៏ពុំមានលក្ខណៈបែបមននេះដែរ ។

នៅដើមសម័យឧដុង្គ ខ្មែរក៏មានទំនាក់ទំនងខ្លាំងផងដែរជាមួយក្រុងស្រីអយុធ្យា ហេតុនេះអាចទៅរួចទេដែលចេតិយពីរនេះ អាចមានទំនាក់ទំនងនឹងគ្នានោះ ? រឿងនេះនឹងសន្និដ្ឋានថាយ៉ាងណា គឺអាស្រ័យលើការសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីបង្ហាញឲ្យបានច្បាស់ ។

Advertisements

Brownie or Brounie and Mrenhkongveal (ម្រេញគង្វាល)

ប្រោនី គឺជាអមនុស្សនៅក្នុងរឿងព្រេងនិទានដ៏ពេញនិយមរបស់ស្កុតឡេន និងអង់គ្លេស ។ ពួកគេចេញមកជួយការងារផ្ទះនៅពេលយប់ ហើយជាធម្មតាមនុស្សពេញវ័យមើលមិនឃើញពួកគេនោះទេ គឺមានតែក្មេងតូចៗប៉ុណ្ណោះដែលមើលពួកគេឃើញ ។ ដូចគ្នាទៅនឹងម្រេញគង្វាលនៅក្នុងព្រេងនិទានរបស់ខ្មែរដែរ ដែលយើងជឿថាពួកគេជាអ្នកមើលថែសត្វ ទ្រព្យសម្បត្តិ និងកូនក្មេង ហើយពួកគេនឹងបង្ហាញខ្លួនឲ្យតែក្មេងៗឃើញតែប៉ុណ្ណោះ ។ នៅអង់គ្លេសគេជឿថាប្រោនីមានរូបរាងតូច ដោយមានស្បែកពណ៌ត្នោត និងពាក់ខោអាវពណ៌ក្រហម ហើយជាធម្មតាម្ចាស់ផ្ទះតែងតែដាក់ឲ្យប្រោនីហូបនូវទឹកដោះគោ និងរបស់ផ្អែម ។ សម្រាប់ម្រេញគង្វាលនៅក្នុងជំនឿរបស់ខ្មែរ ពួកគេមានរូបរាងតូចប៉ុនក្មេងអាយុពី ៥ ទៅ ១០ ឆ្នាំ ពួកគេស្លៀកក្បិនពណ៌ក្រហម និងលែងខ្លួនទទេ ហើយពួកគេចូលចិត្តបង្ហាញខ្លួននៅពេលយប់ឲ្យក្មេងៗឃើញ ហើយយើងតែងមានផ្ទះម្រេញគង្វាលព្យួរនៅលើដើមឈើ ឬតាមសសរផ្ទះ ដោយមានដាក់ទឹក និងប្រដាប់ប្រដាលេងផ្សេងៗ ហើយយើងក៏ជឿថាម្រេញគង្វាលចូលចិត្តស្ករផងដែរ ។ ប្រសិនបើយើងសង្កេតទៅ យើងហើយនឹងជនជាតិអង់គ្លេស ពិតជាមានជំនឿអរូបិយមួយចំនួនដូចគ្នាមែន ។

Brownie is a legendary creature popular in folklore around Scotland and England, they help some chores in the house at night, and normally they are not visible to adults, but to the kids. The same to Mrenhkongveal in Cambodia legendary creature, that we believe they take care of our treasure and take care the kids. So normally they show up to the kids only. In British, they believe that Brownie is really little with brown skin and wearing red clothes. Normally the owner of the house give some scarified to Brownie such as milk and something sweet. For Mrenhkongveal in Cambodian belief, they are the same size of a kid between 5-10 years old, wearing red clothes and free their top-half, and they show up at night to the kids; normally we have a small house hang on a tree or walls for them, with some water and also we scarify candy for them also some toys, as we believe that Mrenhkongveal like sweet. Actually we and British have something similar in the abstract belief. 😉

«សមុច្ច័យ»

សមុច្ច័យ ជាពាក្យដែលស្ថិតនៅក្នុងក្រុមពាក្យខ្មែរ ត្រូវការបកប្រែជាខ្មែរបន្ថែមទើបយល់ ហាហា ពេលអានជួបពាក្យហ្នឹ៎ងម្តងៗ ខួរក្បាលត្រូវផ្អាកធ្វើការងារអីផ្សេងពីរបីវិនាទី ដើម្បីគិតថាពាក្យហ្នឹ៎ងមានន័យថាយ៉ាងម៉េច ។ ពាក្យសមុច្ច័យនេះ ត្រូវនឹងពាក្យអង់គ្លេសថា collection ឬពាក្យខ្មែរសុទ្ធសាធប្រែថាការប្រមូលផ្តុំ ។

មនុស្សគ្រប់រូបតែងតែមានចំណូលចិត្តនៅក្នុងការប្រមូលផ្តុំ ឬសមុច្ច័យអ្វីមួយ ឧទាហរណ៍ដូចជាចូលចិត្តប្រមូលទុកសៀវភៅ គ្រឿងអេឡិចត្រូនិច គ្រឿងឈើ ឡានថ្លៃៗ វត្ថុបុរាណ វត្ថុសិល្បៈ សំលៀកបំពាក់ និងស្បែកជើង ជាពិសេសគឺស្រីៗ ជួនកាលទូមួយដាក់ស្បែកជើងគាត់អត់អស់ផង ជើងមានតែពីរ តែស្បែកជើង ម្រើមព្រះខ្ចីពាក់ហេងស៊យនៅសល់ខ្លះទៀត ហាហា និយាយពន្លើសបន្តិចចុះ ។ ទាំងនេះគ្រាន់តែជាឧទាហរណ៍នៃប្រភេទសមុច្ច័យតែប៉ុណ្ណោះ ។

សម្រាប់ខ្ញុំ ខ្ញុំមានសមុច្ច័យមួយក្នុងចំណោមសមុច្ច័យពីរបីរបស់ខ្ញុំដែរ គឺសមុច្ច័យកាក់ ខ្ញុំចូលចិត្តប្រមូលកាក់ទាំងចាស់ទាំងថ្មីយកមកទុក ទុកឡើងបានមួយខ្មុក ទំនេរៗគ្មានធ្វើអីទេ អង្គុយយកកាក់ហ្នឹ៎ងមកបោសអង្អែលមើលម្តងមួយ គ្រាន់តែពេលវេលាចំណាយលើការអង្អែលកាក់ហ្នឹ៎ង ចង់ច្រើនជាងពេលវេលាគេបាញ់អាប៉ូឡូ ពីផែនដីទៅឋានព្រះច័ន្ទទៅទៀត ។ ខ្ញុំមានទាំងកាក់បរទេស កាក់រ៉ូម៉ាំងបូរាណ កាក់បារាំង កាក់អេស្ប៉ាញ សម្រាប់កាក់ខ្មែរ ខ្ញុំមានកាក់តាំងពីសម័យឧដុង្គរហូតដល់សម័យបារាំង សម័យសង្គមរាស្ត្រនិយម សម័យសាធារណរដ្ឋខ្មែរ សម័យរាជាណាចក្រលើកទី ២ អីហ្នឹ៎ង មានគ្រប់សម័យ តែអត់មានគ្រប់កាក់នោះទេ គ្រាន់តែប្រមូលកាក់អស់ហ្នឹ៎ង ហេងស៊យអាចទិញម៉ូតូបានមួយចំហៀង ។

ចំណូលចិត្តប្រមូលផ្តុំកាក់ហ្នឹ៎ងជារឿងមួយ ប៉ុន្តែអារឿងចាយកាក់វិញ ជារឿងដែលខ្ញុំស្អប់បំផុត ពេលនៅថៃ ក៏ដូចជាមកនៅអឺរ៉ុប ខ្ញុំស្អប់បំផុតគឺមានកាក់ក្នុងហោប៉ៅ បើមិនធ្ងន់ទេ ក៏ងាយនឹងជ្រុះបាត់ដែរ ហើយពេលចាយនូវប្រមូលរាប់មួយសន្ទុះបានគ្រប់ ថ្ងៃមូនគ្រាន់តែប្រមូលកាក់នៅក្នុងហោប៉ៅយកទិញសំបុត្រឡានក្រុងជាមួយម៉ាស៊ីន ទិញសំបុត្រឡើងបាន ១០ សំបុត្រ ព្រោះថាខ្ញុំកម្រដកកាក់ចាយ ខ្ញុំទម្លាប់ហុចឲ្យអ្នកលក់តែជាក្រដាសរូបិយបណ្ណ ជួនកាលគេអាប់ជាកាក់មកវិញ ខ្ញុំខ្ជិលរាប់ទៅទៀត គ្រប់មិនគ្រប់តាមកម្ម ហាហា មិនមែនដោយសារតែវាតិចហើយមិនខ្វល់ទេ តែដោយសារតែវាច្រើនពេក មានតូចមានធំ ជាពិសសកាក់អឺរ៉ូ មានតាំងពី អា ១ សេន ២ សេន ៥ សេន ១ កាក់ ២ កាក់ ៥ កាក់ ១ អឺរ៉ូ និង ២ អឺរ៉ូ ច្រើនបែបពេក ។

មូលហេតុមួយដែលខ្ញុំមិនធ្លាប់ចាយកាក់នេះ ក៏ប្រហែលតែមកពីនៅស្រុកខ្មែរយើងមិនមានការដាក់ឲ្យប្រើប្រាស់កាក់នេះដែរ តាំងពីខ្ញុំកើត ធ្លាប់មានដាក់ឲ្យប្រើម្តងនៅរវាងឆ្នាំ ១៩៩៤-៩៥ អីហ្នឹ៎ង ហើយក្រោយមកក៏មិនមានទៀតទេ ។ អ្នកខ្លះក៏គេថាការប្រើកាស វាងាយស្រួលសម្រាប់ការប្រើទិញរបស់បន្តិចបន្តួចជាមួយម៉ាស៊ីនស្វ័យប្រវត្តិ តែវាមិនស្រួលសម្រាប់អារម្មណ៍អ្នកចាយវាយប៉ុន្មានទេ បើមិនធ្លាប់ប្រើវាពីមុនទេនោះ ។

វាដូចតែគ្នា អ្នកធ្លាប់ចាយប្រាក់កាស ត្រឡប់មកចាយប្រាក់ក្រដាសវិញក៏ពិបាកដូចតែគ្នាហ្នឹ៎ង ដូចសម្តេចជួន ណាត ធ្លាប់មានសង្ឃដីកា នៅក្នុងបទសម្ភាសន៍អក្សរសាស្ត្រខ្មែរថា ចុងសម័យបារាំងដែលបារាំងប្តូរពីចាយកាក់ មកចាយក្រដាសវិញថា ចិនកាប់សាច់ជ្រូកតែងតែត្អូញថា «អញមិនចេះចាយអាសឹកម.ឡឹក(សន្លឹក) ហ្នឹ៎ងទេ» ព្រោះអីគាត់កាប់សាច់ជ្រូក ដៃគាត់ប្រឡាក់ប្រឡូក ដល់មកកាន់ក្រដាស វាកាន់តែកខ្វក់ថែមទៀត ហើយវាមានងាយលាងអីដូចកាក់ ។ ឃើញទេដូចតែគ្នា! ចូលចិត្តធ្វើសមុច្ច័យកាក់ តែមិនចូលចិត្តចាយកាក់ តែស្រីៗ កុំចូលចិត្តធ្វើសមុច្ច័យសំលៀកបំពាក់ ហើយអត់ចូលចិត្តស្លៀកពាក់ណា! តិចកើតរឿងធំ ហាហា!

g158

Categories: Cambodia, Europe, Khmer

ព្រះអង្គជីនៅវត្តភ្នំ ព្រះពុទ្ធរូបទ្រង់គ្រឿងបែបព្រះមហាចក្រពត្តិ

The main Buddha statue in Wat Phnom

ព្រះអង្គជីនៅវត្តភ្នំ ព្រះពុទ្ធរូបទ្រង់គ្រឿងបែបព្រះមហាចក្រពត្តិ

ព្រះអង្គជីនៅវត្តភ្នំ រាជធានីភ្នំពេញ គឺជាព្រះពុទ្ធទ្រង់គ្រឿងដែលមានលក្ខណៈពិសេស មិនដូចព្រះពុទ្ធរូបនៅតាមទីវត្តអារាមផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាយើងនោះទេ ។ ប្រសិនបើយើងធ្វើការសង្កេតយើងឃើញថាទម្រង់ព្រះពុទ្ធរូបទ្រង់គ្រឿងនៅក្នុងប្រទេសកម្ពុជាមានជាយូរណាស់មកហើយ យ៉ាងហោចណាស់ក៏ត្រឹមសម័យអង្គរយើងឃើញមានព្រះពុទ្ធរូបទ្រង់គ្រឿង ដោយភាគច្រើនមានពាក់ត្រឹមម្កុដ តែក៏មានរូបមួយចំនួនមានពាក់សុរងក. កណ្ឌល (ក្រវិល, ទុំហ៊ូ) កងកន់ (ស្នាប់ដៃ) និងគ្រឿងលម្អមួយចំនួនទៀតដែរ ដែលលក្ខណៈនេះមានអ្នកសិក្សាសិល្បៈមួយចំនួនយល់ឃើញថា គឺជាការចម្លងរូបបែបការសាងព្រះពុទ្ធរូបតាមបែបព្រះក្នុងព្រហ្មញ្ញសាសនា ដែលមានការតុបតែងដោយគ្រឿងអលង្ការផ្សេងៗ ។ ទម្រង់ព្រះទ្រង់គ្រឿងនេះក៏នៅតែមានបន្តនៅសម័យកណ្តាល ដោយភាគច្រើនជារូបព្រះពុទ្ធរូបឈរ ដោយមានពាក់ម្កុដមានរាងដូចទេវរូប និងព្រះពុទ្ធរូបនៅសម័យអង្គរផងដែរ ។

 

សម្រាប់ព្រះជីនៅវត្តភ្នំ មានលក្ខណៈខុសប្លែកពីព្រះពុទ្ធរូបទ្រង់គ្រឿងនៅសម័យកណ្តាល និងសម័យអង្គរជាច្រើនចំណុច ដូចជាម្កុដកំពូលស្រួច ឥន្ធនូនៅលើស្មា ខ្សែសង្វារ មិនមានពាក់កណ្ឌល តែមានពាក់ក្បាច់នៅលើត្រចៀក ។ លក្ខណៈខុសពីសិល្បៈខ្មែរសម័យមុននេះ បង្ហាញអំពីទំនួលឥទ្ធិពលសិល្បៈរូបបែបថ្មីមួយ គឺសិល្បៈថៃសម័យរាមាទី ៣ ដោយសារតែព្រះពុទ្ធរូបអង្គនេះត្រូវបានសាងឡើងក្នុងរាជព្រះបាទនរោត្តម ដែលព្រះអង្គបានរៀនសូត្រ និងធំដឹងក្តីនៅក្រុងទេព (បាងកក) នៅសម័យស្តេចរាមាទី ៣ និងទី ៤ នេះហើយ ទើបធ្វើឲ្យមានការទទួលឥទ្ធិពលសិល្បៈថៃចូលមកនៅសម័យនោះ ។ នៅក្នុងរូបខាងក្រោម មួយគឺជារូបព្រះជីនៅវត្តភ្នំ និងមួយទៀតគឺជារូបព្រះប្រធាន នៅក្នុងវិហារវត្តណាងណង ក្នុងក្រុងបាងកក ដែលសាងឡើងនៅសម័យស្តេចរាមាទី ៣ ទម្រង់នៃព្រះពុទ្ធរូបអង្គនេះ មិនមែនជាព្រះសិអារ្យមេត្រិយនោះទេ តែគឺជាព្រះពុទ្ធសមណគោត្តម នៅក្នុងទម្រង់ព្រះពុទ្ធរូបទ្រង់គ្រឿងបែបព្រះមហាចក្រពត្តិ គឺនៅពេលដែលព្រះពុទ្ធអង្គទៅជួបមហាជម្ពូ មហាជម្ពូដែលជាស្តេចមួយអង្គសំបូរទៅដោយទ្រព្យសម្បត្តិដ៏មហិមា បានបង្ហាញអកប្បកិរិយាមិនចង់ថ្វាយបង្គមគោរពព្រះពុទ្ធបរមគ្រូនោះទេ ទាល់តែព្រះពុទ្ធអង្គទ្រង់បង្ហាញបារមីជាព្រះពុទ្ធទ្រង់គ្រឿងក្នុងទម្រង់ព្រះមហាចក្រពត្តិ ដែលបរិបូរណ៍ដោយគ្រឿងអលង្ការដ៏ល្អប្រណីត ធ្វើឲ្យមហាជម្ពូស្ងើចសរសើរចូលទៅគោរពប្រណិបត្តិ ។

 

ព្រះពុទ្ធទ្រង់គ្រឿងក្នុងទម្រង់ព្រះមហាចក្រពត្តិ គឺជាការសាងព្រះពុទ្ធរូបតាមរូបព្រះមហាក្សត្រនៅពេលឡើងសោយរាជ្យ ប្រសិនបើយើងប្រៀបធៀបព្រះពុទ្ធរូបអង្គនេះ ទៅនឹងព្រះមហាក្សត្រខ្មែរដូចជាព្រះបាទនរោត្តម ព្រះបាទស៊ីសុវត្ថិ ព្រះបាទស៊ីសុវត្ថិមុនីវង្ស ព្រះបាទនរោត្តមសីហនុ ព្រះបាទនរោត្តមសុរាមរិត ជាដើម យើងឃើញថាមានការតុបតែងគ្រឿងមិនខុសគ្នាប៉ុន្មាននោះទេ ។ ព្រះពុទ្ធរូបព្រះទ្រង់គ្រឿងក្នុងឥរិយាបទផ្ចាញ់មារនេះ ត្រូវបានគេចម្លងយកមកសាងជាព្រះស៊ីម៉ង់ នៅសម័យក្រោយៗជាច្រើន ដោយមានលាបពណ៌បែបធម្មជាតិ គឺមិនមែនទិបទឹកមាសដូចព្រះជីនៅវត្តភ្នំនោះទេ ។

 

កំណត់សំគាល់៖ ខ្ញុំយល់ថាក្បាច់ឥន្ធនូ និងក្បាច់ពាក់លើត្រចៀក ដែលមិនឃើញមាននៅសម័យអង្គរ និងសម័យកណ្តាល តែបែជាមកមានវត្តមាននៅសម័យស្តេចនរោត្តមនេះ គឺជាឥទ្ធិពលសិល្បៈថៃ ដែលសូម្បីតែថៃ ក៏ទទួលទម្រង់សិល្បៈនេះបន្តពីភូមាដែរ ព្រោះខ្ញុំឃើញថា ព្រះទ្រង់គ្រឿង ឈ្មោះថាព្រះមហាមុនីនៅក្រុងមន្ឌលេ (ម៉ង់ដាឡេ) ក៏មានរូបលក្ខណៈបែបនេះដែរ ហើយទម្រង់សិល្បៈក្បាច់ឥន្ធនូនៅលើស្មានេះ គួរតែមានវត្តមាននៅភូមាមុននៅថៃទៅទៀត ។

 

តើប្រាសាទបន្ទាយស្រីសង់ពីលើប្រាសាទសម័យមុនអង្គរឬ?

Banteay Srey temple was built on a pre-angkorian Temple?
តើប្រាសាទបន្ទាយស្រីសង់ពីលើប្រាសាទសម័យមុនអង្គរឬ?

មូលហេតុដែលខ្ញុំលើកសំនួរនេះឡើង ក៏ដោយសារតែខ្ញុំសង្កេតឃើញចំណុច ពីរ គឺ៖
១) ចម្លាក់រូបទ្វារបាលនៅបន្ទាយស្រី ទាំងរូបប្រុស និងស្រី មានលក្ខណៈជាចម្លាក់កាច់ចង្កេះ ដូចសិល្បៈសម័យមុនអង្គរ ជាងនេះទៅទៀតរូបចម្លាក់ស្ត្រីនៅលើជញ្ជាំងប្រាសាទនោះ មានការស្លៀកសំពត់ និងកាន់ផ្កា ស្រដៀងគ្នាទៅនឹងប្រាសាទត្រពាំងរុន ដែលជាប្រាសាទមុនអង្គរ នៅក្បែរទីរួមស្រុកដំដែក ខេត្តសៀមរាប ដែរ ។

២) គោបុរៈ ឬទ្វារទី ១ ផ្នែកខាងក្រោយ រាប់ពីប្រាង្គកណ្តាលមកខាងក្រៅ គឺដូចនៅក្នុងរូបខាងក្រោម គឺសាងពីឥដ្ឋ ខណៈដែលគោបុរៈ ទី ១ ខាងមុខ គឺសាងពីថ្មភ្នំពណ៌ផ្កាឈូក គឺដូចគ្នាទៅនឹងគោបុរៈផ្សេងៗ ឬក៏តួប្រាង្គកណ្តាល និងបណ្តាបណ្ណាល័យ ឬអគារឧបសម្ព័ន្ធផ្សេងៗដែរ លើកលែងតែគោបុរៈទីី ១ ខាងក្រោយនេះប៉ុណ្ណោះ ដែលសាងពីឥដ្ឋ នេះប្រហែលដោយសារតែប្រាសាទឥដ្ឋខាងក្រោយ គឺជាប្រាង្គប្រាសាទដែលសល់តាំងពីសម័យមុនអង្គរ អ្វីដែលគួរឲ្យកត់សម្គាល់ផងដែរ គឺសសរពេជ្រ ទ្រផ្តែររបស់គោបុរៈខាងក្រោយគឺជាសរសេមូល (ធម្មតាជាសិល្បៈសម័យមុនអង្គរ) តែក៏ជាប្រភេទថ្មភ្នំពណ៌ផ្កាឈូកផងដែរ អាចថាសសរពេជ្រ និងស៊ុមទ្វារ (ប្រើបច្ចេកទេសសម័យអង្គរ) ទាំងនេះ ត្រូវបានគេជួសជុលពីលើប្រាសាទសម័យមុនអង្គរ ដោយចម្លងតាមក្បាច់លម្អដើម និងបូកលាយក្បាច់លម្អសម័យអង្គរខ្លះៗ ។ ក្រៅពីនោះ ដុំឥដ្ឋនៃប្រាសាទសម័យមុនអង្គរនោះ ប្រហែលជាគេរុះយកទៅធ្វើជាកំពែងទាបមួយ ដាក់ព័ទ្ធជុំវិញប្រាង្គកណ្តាលផងដែរ ព្រោះថាសំណង់កំពែងជាធម្មតាគេធ្វើពីថ្មបាយក្រៀម ហេតុអ្វីក៏ប្លែកត្រង់នេះគេយកឥដ្ឋយកមកធ្វើទៅវិញ? គឺអាចថាគាត់ព្យាយាមប្រើសម្ភារៈដែលបានមកពីការរុះប្រាសាទចាស់យកមកប្រើ ។

banteaysrey

ជាសរុប ប្រាសាទបន្ទាយស្រី គួរតែត្រូវបានសាងសង់ឡើងនៅលើទីតាំងប្រាសាទបុរាណ ដែលមានអាយុកាលតាំងពីសម័យមុនអង្គរ ហើយស្ថាបត្យករសាងប្រាសាទបន្ទាយស្រី បានទាញយកទម្រង់សិល្បៈ ចម្លាក់មួយចំនួនពីប្រាសាទនោះ យកមកឆ្លាក់លម្អនៅលើប្រាសាទថ្មី ហើយប្រាសាទមុនអង្គរនោះ គួរតែមានអាយុកាលប្រហាក់ប្រហែលទៅនឹងប្រាសាទត្រពាំងរុនផងដែរ ។

Categories: Cambodia, Khmer's Cultures

គណៈរាជទូតរបស់ស្តេចសៀមរាមាទី ៤ ចូលគាល់ព្រះចៅណាប៉ូឡេអុង ទី ៣

The reception of Siamese ambassadors by emperor Napoleon III

គណៈរាជទូតរបស់ស្តេចសៀមរាមាទី ៤ ចូលគាល់ព្រះចៅណាប៉ូឡេអុង ទី ៣ (ទាក់ទងទៅនឹងមូលហេតុអ្វីបានជានៅប្រទេសថៃគេនៅមានការឱនក្រាបគោរពមហាក្សត្រ ដែលរូបភាពនេះ កាន់តែមិនសូវមាននៅស្រុកខ្មែរ)

the-reception-of-siamese-ambassadors-by-emperor-napoleon-iii-1808-73-at-the-palace-of

រាជទូតថៃរបស់ស្តេចរាមាទី ៤ បានចូលទៅគាល់ ព្រះចៅណាប៉ូឡេអុង ទី ៣ របស់ប្រទេសបារាំង នៅឆ្នាំ ១៨៦២ ដើម្បីជំរុញទំនាក់ទំនងលើជំនួញ និងការគោរពបូរណភាពទឹកដីរបស់ថៃ ព្រោះថាពេលនេះ ចក្រភពអង់គ្លេសកំពុងលុកលុយលើទឹកដីភូមា និងផ្នែកខ្លះនៃប្រទេសម៉ាឡេស៊ី ដែលឧបទ្វីបម៉ាឡេស៊ី ធ្លាប់ជាទឹកដីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃតាំងតែពីសម័យរាមាទី ១ ។ រូបគំនូរនេះត្រូវប្រើពេល ៣ ឆ្នាំដើម្បីគូររួចរាល់ ។

 

នៅពេលដែលគណៈរាជទូតរបស់ថៃចូលទៅគាល់ ដោយមានការក្រាបថ្វាយបង្គំនោះ បានធ្វើឲ្យគណៈមន្ត្រីរបស់បារាំងមានការភ្ញាក់ផ្អើល និងស្ងើចសរសើរគណៈទូតថៃថាចេះគោរពព្រះមហាក្សត្រ គឺមិនខុសគ្នាពីពេលដែលជីវតាក្វាន់ចូលគាល់ព្រះមហាក្សត្រខ្មែរនៅសម័យអង្គរ បានឃើញមន្ត្រី និងប្រជារាស្ត្រខ្មែរឱនក្រាបព្រះមហាក្សត្រយ៉ាងនោះដែរ ជីវតាក្វាន់បានកត់ត្រាថា ប្រជាជនខ្មែរមិនសូវស៊ីវីល័យ តែគេចេះគោរពព្រះមហាក្សត្ររបស់ពួកគេណាស់ ។

 

នៅក្នុងការគ្រប់គ្រងរបស់អាណានិគមបារាំង បារាំងបានធ្វើទំនើបនីយកម្មលើវប្បធម៌ និសង្គមខ្មែរ ជាហេតុធ្វើឲ្យខ្មែរផ្លាស់ប្តូរវិធីគោរព និងប្រណិបត្តិព្រះមហាក្សត្រ ទៅតាមរូបបែបបារាំង ដោយមិនឱនក្រាបដូចពីបុរាណនោះទេ ចំណែកខាងថៃ ថៃព្យាយាមធ្វើទំនើបនីយកម្មដោយខ្លួនឯង ហើយអ្នកដែលព្យាយាមធ្វើទំនើបកម្មនោះ គឺជាខ្សែស្រឡាយរាជវង្សថៃ ដែលជាហេតុធ្វើឲ្យរូបភាពនៃការគោរពប្រណិបត្តិព្រះមហាក្សត្រថៃ នៅរក្សាទម្រង់ដើមបានច្រើនជាងខ្មែរ ។

Categories: France, Khmer, Thailand

ចេតិយព្រះធំ ឬព្រះបឋមចេតិយ ឬព្រះផ្ទំចេតិយ ចេតិយខ្ពស់ជាងគេលើពិភពលោក

ចេតិយព្រះធំ ឬព្រះបឋមចេតិយ ឬព្រះផ្ទំចេតិយ ចេតិយខ្ពស់ជាងគេលើពិភពលោក

Phra Pathommachedi

66533988

ព្រះបឋមចេតិយគឺជាចេតិយដែលមានកម្ពស់ខ្ពស់ជាងគេនៅលើពិភពលោក គឺមានកម្ពស់រហូតដល់ទៅជាង ១២០ ម៉ែត្រ មានទីតាំងស្ថិតនៅខេត្តនគរបឋម (ណៈខនបាធុម) ប្រទេសថៃ ខេត្តនេះតាំងនៅភាគខាងលិចក្រុងបាងកក ចម្ងាយ ៥៧គីឡូម៉ែត្រ ។

 

តាមការសិក្សាគេបានបង្ហាញថាឈ្មោះដើមរបស់ចេតិយនេះ គឺចេតិយព្រះធំ ជាភាសាខ្មែរ តែអ្នកខ្លះថាមកពីពាក្យថា ព្រះផ្ទំ ។ ចេតិយនេះមិនមែនជាចេតិយដំបូងគេនៅប្រទេសថៃនោះទេ ហេតុនេះហើយទើបឈ្មោះថាបឋមចេតិយនេះមិនសាកសមនោះទេ ។ ចេតិយនេះត្រូវបានសាងដំបូងឡើងដោយមនទ្វារវតី ក្រោយពីខ្មែរមានអំណាចនៅលើតំបន់នោះ ក៏មានការសាងសង់ប្រាសាទខ្មែរ នៅពីលើតួចេតិយនោះ ហើយក្រោយមកនៅសម័យថៃឡើងមានអំណាចក៏មានការជួសជុលចេតិយនោះជាបន្តបន្ទាប់ ។ រហូតមកដល់សម័យស្តេចថៃរាមាទី ៤ ទើបមានការជួសជុលចេតិយនោះឡើងវិញ ដោយការជួសជុលនោះ គឺធ្វើឡើងដោយការសាងតួចេតិយថ្មីគ្របពីលើចេតិយចាស់ ទើបធ្វើឲ្យចេតិយបុរាណរាប់ពាន់ឆ្នាំ បានក្លាយទៅជាចេតិយមួយថ្មីស្រឡាង ។

Categories: Khmer, Thailand